ក្រុមហាម៉ាសសម្រេចដោះលែងចំណាត់ខ្មាំងជនជាតិអ៊ីស្រាអែល ២រូប ស្របពេលអាមេរិកណែនាំឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយលុកនៅតំបន់ហ្គាហ្សា
ហ្គាហ្សា៖ ក្រុមហាម៉ាសបានសម្រេចដោះលែងចំណាត់ខ្មាំងជាស្រ្តីជនជាតិអ៊ីស្រាអែលចំនួន ២រូប នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៤ ខែតុលានេះ។ ចំណាត់ខ្មាំងទាំង ២រូបនោះរួមមានលោកស្រី Nurit Cooper អាយុ ៧៩ ឆ្នាំ និងម្នាក់ទៀតគឺលោកស្រី Yocheved Lifshitz ដែលមានអាយុ ៨៥ឆ្នាំ។

ប្រភពខាងលើបានបន្តថា ស្រ្តីទាំង ២រូបខាងលើនេះគឺជាចំណាត់ខ្មាំងនៅក្នុងចំណោមមនុស្សចំនួន ២០០នាក់ ដែលត្រូវបានក្រុមហាម៉ាសចាប់ខ្លួនក្នុងអំឡុងពេលនៃការវាយលុកកាលពីថ្ងៃទី ៧ ខែតុលាកន្លងទៅ។ បើតាមលោក Abu Ubaida ដែលជាអ្នកនាំពាក្យឲ្យក្រុមហាម៉ាសបានឲ្យដឹងថា ការសម្រេចដោយលែងចំណាត់ខ្មាំងទាំង២រូបនេះគឺត្រូវបានធ្វើឡើងក្រោមហេតុផលមនុស្សធម៌ ដ្បិតពួកគាត់កំពុងមានបញ្ហសុខភាពនិងត្រូវទៅរកសេវាថែទាំវេជ្ជសាស្រ្តជាចាំបាច់។ គួរបញ្ជាក់ជូនថា ការដោះលែងចំណាត់ខ្មាំងនេះត្រូវបានធ្វើឡើងស្របពេលដែលសហរដ្ឋអាមេរិកបានណែនាំអ៊ីស្រាអែលឲ្យបញ្ឈប់ការវាយលុកចូលក្នុងតំបន់ហ្គាហ្សា៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia