សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ កុំយកថវិកាទៅអភិវឌ្ឍសួនច្បារឱ្យធំជាងគេ ខណៈពេលដែលតាមបណ្ដាឃុំខ្វះផ្លូវ
នាព្រឹកថ្ងៃចន្ទ ទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតី សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “អគារថ្មី នៃទីស្តីការក្រសួងមហាផ្ទៃ” ។

ក្នុងឱកាសនោះ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានស្នើប្រើប្រាស់ថវិការដ្ឋឱ្យចំគោលដៅ ដើម្បីបង្កើនប្រសិទ្ធភាពការងារ និង បម្រើសេវាប្រចាំថ្ងៃជូនពលរដ្ឋ ព្រមទាំងសេដ្ឋកិច្ចក្នុងតំបន់។ ជាមួយគ្នានេះដែរ សម្ដេចបានណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត កុំយកថវិកាទៅអភិវឌ្ឍសួនច្បារឱ្យធំជាងគេ ប៉ុន្ដែបែរជាមិនទៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ឱ្យបានល្អជូនប្រជាពលរដ្ឋធ្វើដំណើរ។ ដូច្នេះរដ្ឋបាលរាជធានី ខេត្តត្រូវម្ចាស់ការលើការអនុវត្តការងារនេះឱ្យបានល្អ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា៖ « កិច្ចការ ការគ្រប់គ្រងធនធាន គឺជារឿងសំខាន់ លុយតិចដាក់ចំគោលដៅ បានផលច្រើន តែបើថវិកាច្រើន តែប្រើអត់ចំគោលដៅ គឺវាអត់ប្រសិទ្ធភាព ហើយពីមួយឆ្នាំទៅមួយឆ្នាំ សមិទ្ធផលវាមិនអាចកើតឡើងក្នុងមួយថ្ងៃកើតចេញទេ។ អ៉ីចឹងការបំពេញ ការប្រើប្រាស់រៀបចំ ធនធាន នេះ ដាក់ឱ្យចំគោលដៅ ព្រោះពេលខ្លះអាទិភាពត្រូវកំណត់ យើងមាន ១០ លុយ១០០ បើយើងយករូបមន្តសមធម៌ យក ១០ ចែកនឹង ១០ ស្មើ ១០ វាអត់ប្រសិទ្ធភាពទេ ត្រូវដាក់អ្វីដែលជាគៅលដៅមុន ដាក់ជាមូលដ្ឋានសសរស្ដម្ភ ពង្រឹងវាមុនហើយ រឿងផ្សេងៗទៀតជាអាទិភាពបន្ទាប់។
ជាមួយគ្នានេះ សម្ដេចបានមានប្រសាសន៍លើកឡើងជា ឧទាហរណ៍ ថា៖ « ថវិកាសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ តើយកទៅដាក់នៅក្នុងមូលដ្ឋានដែលកំពុងតែលំបាក ឬមួយក៏យើងទៅយកធ្វើកន្លែងអ្វីមួយ ដើម្បីក្លាយជាទៅខេត្តដែលមានសួនល្អជាងគេ ? មួយណាសំខាន់ជាង? គឺត្រូវដាក់នៅមូលដ្ឋានដែលប្រជាពលរដ្ឋត្រូវការ សួនហ្នឹងយើងច្នៃប្រឌិតសិនទៅ កុំយកលុយទៅវិនិយោគធ្វើសួនឱ្យធំជាងគេ ដើម្បីស្អាត ថាខេត្តយើងមានសួនធំជាងគេ នៅពេលដែលមូលដ្ឋាន នៅពេលដែលតាមបណ្ដាឃុំខ្វះផ្លូវ។ មូលដ្ឋាន តម្រូវការរបស់ប្រជាជន ហើយកន្លែងណាដែលចាំបាច់ ដាក់ឱ្យចំគោលដៅតែម្ដង »៕



អត្ថបទ៖ លីនី
កុំយកលុយ