សម្តេចធិបតីនាយករដ្ឋមន្រ្តី ថ្លែងថា ប្រាក់បៀវត្សបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់ទេ សម្រាប់កម្មករ និយោជិត តែបើធៀបនឹងអតីតកាល គឺមានភាពប្រសើរច្រើនហើយ
នាព្រឹកថ្ងៃអង្គារ ទី៧ វិច្ឆិកា ២០២៣ នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករ និយោជិត ចំនួន ១៥ ១៩៤នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ។

នេះ គឺជាលើកទី៩ ដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងបងប្អូនកម្មករ និយោជិត តាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជា នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ប្រាក់បៀវត្សបច្ចុប្បន្នមិនទាន់គ្រប់គ្រាន់ទេ សម្រាប់កម្មករ និយោជិត តែបើធៀបនឹងអតីតកាល គឺមានភាពប្រសើរច្រើនហើយ។
សម្ដេចធិបតីនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា៖ « ពិតណាស់បច្ចុប្បន្នកាលគឺជាអ្វីដែលយើងត្រូវយកចិត្តទុកដាក់ ហើយផែនការសម្រាប់អនាគត គឺជាអ្វីដែលជាកត្តាសំខាន់ ប៉ុន្តែយើងក៏មិនត្រូវភ្លេចពីអតីតកាលនៃការវិវត្តមកដល់ពេលនេះ ដើម្បីយើងមានមោទកភាព។ បងប្អូនម្នាក់ៗក៏ដូចគ្នាដែរមែនទេ? សួរថាយើងគ្រប់ ឬ នៅ ប្រាក់បៀវត្សមកដល់ប៉ុននេះ? អត់ទាន់គ្រប់ទេ តែបើបងប្អូន នៅទីនេះ ប្រៀបធៀបកាលពីយើង ១០ឆ្នាំមុន នៅពឹងឪពុកម្ដាយនៅឡើយ អត់ទាន់មានឯករាជ្យភាព អត់ទាន់មានលទ្ធភាពរកចំណូលខ្លួននៅឡើយ ដូច្នេះគួរតែមានមោទកភាពទៅ។ សួរថាតើយើងចង់បាន លទ្ធភាពសម្រាប់បង្កើនចំណូល បង្កើនជីវភាព បង្កើនសមត្ថភាពយើងតទៀតអត់ គឺយើងចង់បាន តែយ៉ាងហោចណាស់យើងក៏សប្បាយចិត្ត មកដល់ម៉ោងនេះ យើងមិនបានអ្វីធំដុំ ឬ កម្រិតខ្ពស់ក៏ដោយ តែជីវភាពរបស់យើងក៏អាចធានាបានមួយកម្រិត យ៉ាងហោចណាស់រកធានានូវការចំណាយរបស់ខ្លួនឯងបានមួយកម្រិត បងប្អូនខ្លះអាចរួមគ្នាជួយដល់ឪពុកម្ដាយ បន្ថែមទៀត នេះហើយជាមោទកភាព »៕



អត្ថបទ៖ លីនី