ព័ត៌មានជាតិ

អ្នកឧកញ៉ា ហុង ពីវ បានចំណាយថវិកាជិត ៦លានដុល្លារ ប្រមូលទិញផ្ទះពីអតិថិជនដែលគ្មានលទ្ធភាពបង់បន្ត

BY
Khmernote Media
November 8, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ អ្នកឧកញ៉ា ហុង ពីវ អគ្គនាយកក្រុមហ៊ុនពិភពថ្មីគ្រុប បានបញ្ជាក់ថា ក្រុមហ៊ុនបានចំណាយថវិកាជិត ៦លានដុល្លារ ប្រមូលទិញផ្ទះពីអតិថិជនដែលគ្មានលទ្ធភាពបង់បន្តត្រឡប់មកវិញ។

បន្ទាប់ពីមានការតវ៉ាពីអតិថិជនជាច្រើនស្នើឱ្យក្រុមហ៊ុនទិញផ្ទះពួកគាត់វិញ ដោយសារគ្មានលទ្ធភាពបង់សងបន្តទៀត អ្នកឧកញ៉ា ហុង ពីវ បានចេញសេចក្ដីបំភ្លឺ យ៉ាងដូច្នេះថា៖ «កន្លងមក បុរីពិភពថ្មី តែងតែបានចាត់តាំងតំណាងឲ្យទៅចូលរួម ប្រជុំដោះស្រាយបញ្ហាជាមួយអតិថិជនគ្រប់ពេលវេលា។ ប្រជុំនៅសាលាខណ្ឌចំនួន 5ដង នៅសាលារាជធានីភ្នំពេញចំនួន ៣ដង និងខ្ញុំបានចូលរួមប្រជុំផ្ទាល់ជាមួយឯកឧត្តម អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុនិងបញ្ចាំ។ ជាលទ្ធផល ក្រុមហ៊ុនបានសម្រេចចេញសេចក្តីប្រកាសជូនដំណឹង ចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ អំពីការទិញផ្ទះចូលវិញដោយមានលក្ខខណ្ឌ។ ទោះបីលក្ខខណ្ឌថ្មីមិនមាន ចែងក្នុងកិច្ចសន្យាទិញលក់ពីមុនទាំងស្រុងក៏ដោយ ក៏ក្រុមហ៊ុននៅតែបន្តអនុវត្តតាមសេចក្តីប្រកាស ហើយអានុភាពនៃសេចក្តីប្រកាសនោះ មិនមានការអនុវត្តន៍ដោយភាពប្រតិសកម្មឡើយ។

ក្នុងនោះដែរ មានអតិថិជនជាច្រើនបានយល់ និងគាំទ្រនូវលក្ខខណ្ឌថ្មី ហើយបានស្ម័គ្រចិត្តមកទទួលយក លក្ខខណ្ឌនេះ សល់តែចំនួនតិចតួចប៉ុណ្ណោះ។ ជាក់ស្តែង ក្រោយពីសេចក្តីសម្រេចចូលជាធរមានបានរយៈពេល ៧ថ្ងៃ ក្រុមហ៊ុនបានចំណាយប្រាក់ទិញផ្ទះចូលវិញអស់ចំនួន ៥,៦៤៨,៣៧៦ ដុល្លារអាមេរិក ដោយមានអតិថិជន ៤៥៨នាក់ ហើយចំនួននេះ នឹងមានការកើនឡើងជាបន្តបន្ទាប់ទៀត។

អាស្រ័យហេតុនេះ សូមសាធារណៈជន អ្នកសារព័ត៌មាន អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និង ជាពិសេសអតិថិជនដែលតែងតែគាំទ្របុរីពិភពថ្មី មេត្តាបន្តការជឿជាក់ និងទុកចិត្តមកលើក្រុមហ៊ុន។ ក្រុមហ៊ុនបាន ខិតខំអស់លទ្ធភាពហើយ ក្នុងការសម្របសម្រួលលក្ខខណ្ឌ ដើម្បីសម្រាលដល់ការលំបាករបស់អតិថិជន ក្នុងបរិបទវិបត្តិអចលនទ្រព្យនេះ។ ប៉ុន្តែបើក្រុមហ៊ុនធ្វើតាមការទាមទារការចង់បានរបស់អតិថិជនមួយចំនួនតូច ដែលដឹកនាំដោយឈ្មោះ ហេង តារា នោះក្រុមហ៊ុនបុរីពិភពថ្មីនឹងក្ស័យធនជាមិនខាន ព្រោះក្រុមហ៊ុនក៏មានជាប់បំណុលដូចគ្នាដែរ ដូចពាក្យចាស់ពោលថា “ទូកធំក្តោងធំ…” បើក្រុមហ៊ុនក្ស័យធន នោះពិតជាមានការប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ដល់អតិថិជនទាំងអស់។

ដូចនេះខ្ញុំមានកិត្តិយស សូមអំពាវនាវឲ្យអតិថិជនមេត្តាទទួលយកនិងអនុវត្តនូវគោលការណ៍ចុងក្រោយ ដូចដែលបានជម្រាបជូនខាងលើ និងសូមមិនចូលរួមបន្តដោះស្រាយនូវអ្វីដែលជាការទាមទារ លើសពីលក្ខខណ្ឌ ដូចមានក្នុងសេចក្តីប្រកាសជូនដំណឹងចុះថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៣ និងចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ តាមបណ្ដាញ សង្គម Facebook ជាផ្លូវការរបស់ អ្នកឧកញ៉ា ហុង ពីវ នោះឡើយ ៕ »

ប្រភព៖ Oknha Hong Piv អ្នកឧកញ៉ា ហុង ពីវ

Share This Post: