ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

    BY Naren May 14, 2026
    ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh

    នារសៀលថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រី ក.ប.ទ. និងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន (ស.ក.ដ) បានអញ្ជើញជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh”។

    ពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការបណ្ណបើកបរទម្រង់ឌីជីថលដែលអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវតាមថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ មន្ត្រីរាជការនៃ ក.ប.ទ. និង ស.ក.ដ ថ្នាក់ដឹកនាំជាសមាសភាពគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល តំណាងក្រសួង ស្ថាប័ន តំណាងរដ្ឋបាលរាជធានី ខេត្ត តំណាងអគ្គស្នងការដ្ឋាននគរបាលជាតិ តំណាងដៃគូអភិវឌ្ឍន៍ តំណាងស្នងការដ្ឋាននគរបាលរាជធានី ខេត្ត មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី ខេត្ត សមាគម ក្រុមហ៊ុន និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រមាណ ៣៣០នាក់។

    ក្នុងគោលបំណងលើកកម្ពស់ប្រសិទ្ធភាពសេវាសាធារណៈ បង្កលក្ខណៈងាយស្រួលក្នុងការត្រួតពិនិត្យ និងបង្ការការក្លែងបន្លំឯកសារសាធារណៈ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើប្រាស់ជាផ្លូវការលើការផ្ទៀងផ្ទាត់ទិន្នន័យបណ្ណបើកបរយានយន្តលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ចាប់ពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នេះតទៅ។ ក្រសួងសូមបញ្ជាក់ជូនដល់សាធារណជនផងដែរ ចំពោះបណ្ណបើកបរយានយន្តដែលបានចេញមុនថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ដែលមិនមាន ឬ មាន QR Code នៅតែអាចបន្តប្រើប្រាស់បានតាមការកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយសម្រាប់បណ្ណបើកបរដែលមាន QR Code ទាំងអស់នឹងមានបង្ហាញទិន្នន័យទៅលើថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh តាមរយៈការស្គែន QR Code ដែលមាននៅលើបណ្ណបើកបរយានយន្ត។

    ហើយឈានចូលមកដល់យុគសម័យថ្មី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានបញ្ចេញអាវុធឌីជីថលដ៏មុតស្រួច DG SuperApp ដែលមិនត្រឹមតែជាច្រកចេញចូលសេវាសាធារណៈតែមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនាំយក AI ដែលកំពុងតែពេញនិយមប្រើប្រាស់នៅលើអ៊ីនធឺណិត មកឱ្យពលរដ្ឋប្រើប្រាស់ដោយឥតគិតថ្លៃ ដើម្បីផ្លាស់ប្តូររបៀបដែលយើងសិក្សា ធ្វើការ និងរស់នៅឱ្យកាន់តែទំនើបជាងមុន។

    បេីតាមប្រភពព័ត៌មាន ថ្នាល DG SuperApp បានប្រកាសដាក់ឱ្យប្រើប្រាស់សាកល្បងជាផ្លូវការនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦។ ចំណុចដែលធ្វើឱ្យ DG SuperApp មានភាពលេចធ្លោបំផុត និងខុសប្លែកពីកម្មវិធីផ្សេងៗនោះគឺ ការដាក់បញ្ចូលនូវបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដែលកន្លងមកពលរដ្ឋអាចនឹងត្រូវបង់ប្រាក់ដើម្បីប្រើប្រាស់ ប៉ុន្តែពេលនេះនឹងផ្តល់ជូនដោយឥតគិតថ្លៃ និងគ្មានដែនកំណត់៖
    • DG ChatGPT: ជាជំនួយការឆ្លាតវៃដែលមានសមត្ថភាពប្រហាក់ប្រហែលនឹង ChatGPT។ វាអាចជួយតាក់តែងអត្ថបទ វិភាគទិន្នន័យស្មុគស្មាញ និងឆ្លើយសំណួរគ្រប់វិស័យ ដែលជាឧបករណ៍ដ៏មានតម្លៃសម្រាប់សិស្ស និស្សិត និងអ្នកស្រាវជ្រាវ។
    • TranslateKH: ជំនាញក្នុងការបកប្រែអត្ថបទរវាងភាសាខ្មែរ និងអង់គ្លេស ដែលត្រូវបានអភិវឌ្ឍឡើងឱ្យចំគោលដៅ និងបរិបទនៃភាសាខ្មែរយើងផ្ទាល់។

    ក្រៅពីភាពឆ្លាតវៃនៃ AI ថ្នាលនេះក៏ជាមជ្ឈមណ្ឌលឌីជីថល  ដែលប្រមូលផ្តុំកម្មវិធីរដ្ឋបាលសំខាន់ៗជាច្រើន (Mini Apps) មកដាក់ក្នុងកន្លែងតែមួយ ដើម្បីកាត់បន្ថយការស៊ាំញ៉ាំ៖
    • Qr.gov.kh: សម្រាប់ការប្រើប្រាស់ក្នុងការបង្កើត QR កូដតាមតម្រូវការ។
    • MyHealth: អនុញ្ញាតអោយប្រជាពលរដ្ឋចូលមើលកំណត់ត្រាការទទួលថ្នាំបង្ការរបស់ខ្លួន បានយ៉ាងងាយស្រួល។

    • DG Frame: បង្ហាញស្មារតីគាំទ្ររដ្ឋាភិបាល តាមរយៈការដាក់តាំងរូបភាពក្នុងរូបស៊ុមគាំទ្រយុទ្ធនាការណ៍ និងព្រឹត្តិការណ៍នានា របស់រដ្ឋាភិបាល។
    • TopUp: ផ្តល់ភាពងាយស្រួលក្នុងការបញ្ជូលលុយកាតទូរសព្ទពីគ្រប់ប្រព័ន្ធ។
    •  SIM Verifier: គឺជាកម្មវិធីដែលអនុញ្ញាតអោយអ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណស៊ីមកាត ដោយភ្ជាប់វាទៅនឹងគណនីធនាគារ ឬគណនីទូទាត់ប្រាក់របស់អ្នកប្រើប្រាស់។
    • ក្នុង Personal Wallet នៅលើកម្មវិធី DG SuperApp សាធារណជនអាចស្នើសុំបណ្ណបើកបរឌីជីថល តាមរយៈ Personal Wallet លើ DG SuperApp របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងអាចប្រើប្រាស់បានរហូតដល់ថ្ងៃផុតសុពលភាព។
    ការដាក់ឱ្យប្រើប្រាស់នេះ គឺជាជំហានសំខាន់មួយក្នុងការលើកកម្ពស់សេវាសាធារណៈឌីជីថល ឱ្យកាន់តែងាយស្រួល រហ័ស មានប្រសិទ្ធភាព និងមានសុវត្ថិភាពខ្ពស់ តាមរយៈបច្ចេកវិទ្យាស្កែន QR Code។

    ការមកដល់នៃ DG SuperApp នឹងជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់មជ្ឈដ្ឋានជុំវិញ៖
    1. មន្ត្រីរាជការ៖ បង្កើនប្រសិទ្ធភាពការងាររដ្ឋបាលតាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម។
    2. ធុរជន៖ ងាយស្រួលក្នុងការទំនាក់ទំនង និងប្រើប្រាស់សេវាឌីជីថលរបស់រដ្ឋសម្រាប់ការវិនិយោគ។
    3. សិស្ស-និស្សិត៖ មានជំនួយការ AI នៅក្បែរខ្លួនជានិច្ចសម្រាប់ការសិក្សា។

    ធារណជនអាចទាញយក DG SuperApp មកប្រើប្រាស់បានដោយងាយស្រួល និងឥតគិតថ្លៃ ដោយគ្រាន់តែចូលទៅកាន់ App Store ឬ Play Store រួចវាយពាក្យថា DG SuperApp ឬគ្រាន់តែស្កេន QR Code ដែលមាននៅលើសេចក្តីប្រកាសរបស់ក្រសួងជាការស្រេច។
    នេះគឺជាមោទនភាពជាតិថ្មីមួយ ដែលបញ្ជាក់ថាបច្ចេកវិទ្យាខ្ពស់មិនមែនជារឿងឆ្ងាយដៃសម្រាប់ពលរដ្ឋខ្មែរទៀតឡើយ។ DG SuperApp នឹងក្លាយជាដៃគូដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងការរុញច្រានកម្ពុជាឱ្យក្លាយជាសង្គមឌីជីថលដ៏រឹងមាំ និងរស់រវើកក្នុងពេលដ៏ខ្លីខាងមុខ៕

    Share This Post:
    MPO4D jitutoto mpo4d Mpoplay