ព័ត៌មានជាតិ

FFC កំពុងតស៊ូមតិផ្លូវច្បាប់កីឡាជាមួយ FIFA សម្រាប់កីឡាករ Privat Mbarga ក្នុងការចុះបញ្ជីក្រុមជម្រើសជាតិកម្ពុជា

BY
Khmernote Media
November 10, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) កំពុងតស៊ូមតិផ្លូវច្បាប់ ក្នុងការស្នើសុំកីឡាករ Privat Mbarga ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) ដើម្បីចុះបញ្ជីកីឡាកររូបនេះ សម្រាប់ចូលរួមជួយក្រុមជម្រើសជាតិកម្ពុជា។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានបញ្ជាក់ថា តបតាមការស្នើសុំរបស់ផ្នែកបច្ចេកទេសនៃក្រុមជម្រើសជាតិកម្ពុជា ដែលឃើញពីភាពអំណោយផល និងសមត្ថភាពរបស់កីឡាករ Privat Mbarga ហើយក៏ដូចជាមានគោលជំហរ ក្នុងការតាំងចិត្តចង់ចូលសញ្ជាតិ ដើម្បីចូលរួមលេងឱ្យក្រុមជម្រើសជាតិកម្ពុជា។ សហព័ន្ធបានដាក់សំណើទៅរាជរដ្ឋាភិបាលកម្ពុជា ហើយរាជរដ្ឋាភិបាលបានចូលរួមគាំទ្រក្នុងការស្នើសុំព្រះមហាក្សត្រកម្ពុជា ក្នុងការចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្តល់សញ្ជាតិខ្មែរជាផ្លូវការដល់កីឡាករ Privat Mbarga។

សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ជាក់ទៀតថា ក្នុងអំឡុងការកោះហៅកីឡាករបោះជំរំហ្វឹកហាត់ត្រៀមលេងពានរង្វាន់បាល់ទាត់ FIFA World Cup 2026 វគ្គជម្រុះជុំទី១ កាលពីខែតុលា ឆ្នាំ២០២៣កន្លងទៅ ការចុះឈ្មោះកីឡាករ FIFA ពុំបានបញ្ជាក់ច្បាស់លាស់អំពីលក្ខណៈបុគ្គលិករបស់កីឡាករ Privat Mbarga ដែលអាចលេងតំណាងឱ្យកម្ពុជាបាននោះទេ។ នៅក្នុងការឆ្លើយតបទៅបញ្ហានេះ FFC បានជួលមេធាវី ដែលជាអ្នកឯកទេសក្នុងច្បាប់កីឡា បើកក្តីតស៊ូមតិទៅកាន់ FIFA ដើម្បីបញ្ជាក់នូវលក្ខណៈវិនិច្ឆ័យរបស់ Privat Mbarga ក្នុងការលេងឱ្យក្រុមជម្រើសជាតិកម្ពុជា ដែលបច្ចុប្បន្នមេធាវីដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានជួល កំពុងតស៊ូមតិជាមួយ FIFA ដោយកំពុងធ្វើការងារក្នុងករណីនេះ។

គួរបញ្ជាក់ថា កីឡាករជនជាតិកាម៉េរូនវ័យ ៣១ឆ្នាំរូបនេះ ធ្លាប់លេងឱ្យក្លិបចំនួន៦ នៃក្របខណ្ឌលីគកំពូលកម្ពុជា ចាប់តាំងពីឆ្នាំ២០១៣មកដល់ឆ្នាំ២០២១ ដូចជាក្លឹបកីឡាបាល់ទាត់បឹងកេត ឆ្នាំ២០១៣, វេស្ទឺនភ្នំពេញ ឆ្នាំ២០១៤, អង្គរថាយហ្គឺរ ឆ្នាំ២០១៥, ណាហ្គាវើល ឆ្នាំ២០១៦-២០១៧, អាស៊ីអឺរ៉ុបយូណាយធីត ឆ្នាំ២០១៨-២០១៩ និងលេងឱ្យក្លឹបព្រះខ័នរាជស្វាយរៀង ឆ្នាំ២០១៩-២០២១ និងឆ្នាំ២០២១ដល់បច្ចុប្បន្នកំពុងលេងឱ្យក្លឹប Bali United នៃលីគកំពូលឥណ្ឌូណេស៊ី។

Privat Mbarga គឺជាកីឡាករបរទេសចូលសញ្ជាតិខ្មែរទី២ បន្ទាប់ពីកីឡាករជនជាតិដើមជប៉ុន យូដៃ អូហ្គាវ៉ា (Yudai Ogawa) កំពុងលេងឱ្យក្លឹបភ្នំពេញក្រោនបានលះបង់សញ្ជាតិដើម និងបានចូលរួមក្នុងក្រុមជម្រើសជាតិកម្ពុជា។ កីឡាករ យូដៃ អូហ្គាវ៉ា កំពុងលេងឱ្យក្លិបភ្នំពេញក្រោននៃក្របខណ្ឌលីគកំពូលកម្ពុជា និងក្រុមជម្រើសជាតិកម្ពុជា ក្នុងនាមជាកីឡាករខ្មែរជាផ្លូវការ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា

Share This Post: