ព័ត៌មានជាតិ

ឯកឧត្តមគួច ចំរើន ស្នើឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបាត់ម៉ូតូឬក៏បញ្ចាំ សូមយកឯកសារពាក់ព័ន្ធមកអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់យកម៉ូតូទៅវិញ

BY
Khmernote Media
November 10, 2023

ខេត្តព្រះសីហនុ៖ យោងតាមប្រភពពីអ្នកសារព័ត៌មានក្នុងស្រុក បានឱ្យដឹងថា ឯកឧត្តមគួច ចំរើន អភិបាលខេត្តព្រះសីហនុ បានចុះពិនិត្យករណីនគរបាលបង្ក្រាបបទល្មើស លួចម៉ូតូនិងទទួលផលចោរកម្ម ដែលសមត្ថកិច្ចនគរបាលដកហូតបានពីកន្លែងបញ្ចាំចំនួន ២ទីតាំង និងឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់(ជនជាតិខ្មែរ៤នាក់ ជនជាតិចិន២នាក់) នាព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ។

ក្នុងនោះកម្លាំងសមត្ថកិច្ចបានចុះបង្ក្រាបនៅទីតាំងកន្លែងបញ្ចាំចំនួន២ទីតាំង ដែលទទួលផលពីអំពើចោរកម្ម និងមួយចំនួនម្ចាស់យកទៅបញ្ចាំដោយខ្លួនឯង មានម៉ូតូពាក់ពន្ធ័ចំនួន ៤៨គ្រឿង។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុបានកោតសរសើរដល់សមត្ថកិច្ចនគរបាលដែលខិតខំបង្ក្រាបអំពើចោរកម្មនេះ និងស្នើឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានបាត់ម៉ូតូឬក៏បញ្ចាំ សូមមកពិនិត្យនិងយកឯកសារពាក់ព័ន្ធ មកអធិការរដ្ឋាននគរបាលក្រុងព្រះសីហនុ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់យកម៉ូតូទៅប្រើប្រាស់វិញ។ ជាមួយគ្នានេះ ឯកឧត្តមអភិបាលខេត្តព្រះសីហនុ ក៏បានសំណូមពរទៅដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ឲ្យមានការប្រុងប្រយ័ត្នចំពោះមធ្យោបាយគ្រប់ប្រភេទ ក៏ដូចជាផ្ទះសម្បែង ដើម្បីចូលរួមបង្ការទប់ស្កាត់ករណីលួច ករណីគាស់ផ្ទះសម្បែងបងប្អូន និងចូលរួមផ្ដល់ព័ត៌មាន ជូនសមត្ថកិច្ចអាជ្ញាធរនៅរាល់ករណីបទល្មើសនានា ដែលបានដឹងនិងបានឃើញ។

សូមបញ្ជាក់ថាករណីនេះ ក្រោយទទួលបណ្ដឹងពីជនរងគ្រោះរួចមក ក្រោមការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលខេត្តព្រះសីហនុ នគរបាលគ្រប់ផ្នែកបានសហការធ្វើការស្រាវជ្រាវ យ៉ាងយកចិត្តទុកដាក់ រហូតដល់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ទើបឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់៖

១.ឈ្មោះ រ៉ូ វាសនា ហៅទីន ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅភូមិ២ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ (ជនដៃដល់ក្នុងអំពើលួច)។
២.ឈ្មោះ ប៉ែន សំណាង ហៅវីន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិ២ សង្កាត់លេខ២ ក្រុង/ខេត្តព្រះសីហនុ (ជនដៃដល់ក្នុងអំពើលួច) ។
៣.ឈ្មោះ កែវ សុភី ហៅញ៉ាញ់ធំ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូកង់បី ស្នាក់នៅក្រុមទី៣៥ ភូមិ៥ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ (មេក្លោង) ។
៤.ឈ្មោះ ចាំង ហៃ ហៅយួន ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ (សមគំនិត )។

បើតាមសមត្ថកិច្ចបញ្ជាក់ថា ក្រោយពីសាកសួរ ជនសង្ស័យបានសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចម៉ូតូពិតប្រាកដមែន។ យោងតាមចម្លើយសារភាព របស់ជនសង្ស័យអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បន្តស្រាវជ្រាវ ទីតាំងកន្លែងទទួលបញ្ចាំម៉ូតូ ស្ថិតនៅក្រុមទី៣៧ ភូមិ០៣ សង្កាត់លេខ៤ ក្រុង/ខេត្តព្រះសីហនុ រកឃើញម៉ូតូចំនួន៤៨ គ្រឿង ក្នុងនោះមានម៉ូតូចំនួន ០៩គ្រឿង ពាក់ព័ន្ធ និងអំពើលួច ទើបអធិការដ្ឋាននគរបាលក្រុងធ្វើការឃាត់ខ្លួន ជនសង្ស័យជនជាតិចិនចំនួន០២នាក់ ភេទប្រុស នៅទីតាំងបញ្ចាំខាងលើយកមកសាកសួរ។ ជនសង្ស័យ ជនជាតិចិន ទាំង០២នាក់មានឈ្មោះ៖

១-ឈ្មោះ YE YUMING ភេទ ប្រុស អាយុ៤៨ឆ្នាំ មុខរបរអាជីវករ ស្នាក់នៅកន្លែងទទួលបញ្ចាំ(សង្ស័យ ក្នុងអំពើទទួលផលចោរកម្ម)
២-ឈ្មោះ ZHAO JIANLIN ភេទប្រុស អាយុ ៥៤ឆ្នាំ មុខរបរ អាជីវករ ស្នាក់នៅកន្លែងទទួលបញ្ចាំ(សង្ស័យ ក្នុងអំពើទទួលផលចោរកម្ម)។

វត្ថុតាងចាប់យកបានរួមមាន៖
១.ម៉ូតូចំនួន០៩គ្រឿង (ផលនៃអំពើលួច) ។
២-ម៉ូតូចំនួន ៣៩ គ្រឿង ដកហូតពីកន្លែងទទួលបញ្ចាំ ស្រាវជ្រាវបន្ត។

បច្ចុប្បន្ន ម៉ូតូទាំងអស់ យកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីធ្វើការស្រាវជ្រាវបន្តតាមនិតិវិធីនិងស្វែងរកម្ចាស់។ ចំណែកជនសង្ស័យចំនួនទាំង០៦នាក់ត្រូវបានកម្លាំងជំនាញអធិការដ្ឋាន នគរបាលក្រុងព្រះសីហនុ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីចាត់ការតាមនីតិវិធីបន្ត៕

ប្រភព៖ លោក Huy Bunleng News

Share This Post: