ព័ត៌មានជាតិ

រដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ព្រមទាំងប្រជាការពារចុះសម្អាតស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអាងក្រពើ

BY
Khmernote Media
November 11, 2023

ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា នាថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣ មន្ត្រីរដ្ឋបាលក្រុង និងរដ្ឋបាលសង្កាត់ ព្រមទាំងប្រជាការពារបានសហការគ្នាចុះសម្អាតទឹកស្ទឹងតាមបណ្តោយដងស្ទឹងសៀមរាបចាប់ពីស្ពាននាគរហូតដល់ស្ពានអាងក្រពើ។

សូមបញ្ជាក់ផងដែរថា ការសម្អាតនេះគឺដើម្បីលើកកម្ពស់សោភ័ណភាពស្ទឹង ក៏ដូចជាសោភ័ណភាពក្រុងសៀមរាប ពិសេសត្រៀមទទួលបងប្អូនប្រជាពលរដ្ឋដែលនឹងលេងកម្សាន្តក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទី និងសំពះព្រះខែ អកអំបុក ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។ ជាមួយគ្នានេះ រដ្ឋបាលខេត្ត និងអាជ្ញាធរជាតិអប្សរានឹងធ្វើការបង្ហូរទឹកចូលស្ទឹងសៀមរាបវិញនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីត្រៀមសម្រាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

រដ្ឋបាលខេត្តសៀមរាបសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមចូលរួមសម្អាតអនាម័យ បរិស្ថាន ពិសេសក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ព្រមទាំងពិធីបុណ្យផ្សេងៗទៀត ដេីម្បីរក្សាសោភ័ណភាព និងអនាម័យឱ្យបានល្អប្រសើរ៕

ប្រភព៖ រដ្ឋបាលខេត្តសៀមរាប/Siem Reap Provincial Administration

Share This Post: