ព័ត៌មានជាតិ

គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា ព្រមានចាត់វិធានការចំពោះកាស៊ីណូអនឡាញ «PK777» បន្ទាប់ពីមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គម

BY
Khmernote Media
November 13, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អគ្គលេខាធិការដ្ឋាននៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មាន បន្ទាប់ពីបានពិនិត្យ ឃើញមានការផ្សព្វផ្សាយនៅតាមបណ្ដាញសង្គមអំពីល្បែងស៊ីសងខុសច្បាប់តាមប្រព័ន្ធអនឡាញ រួមមាន ល្បែងបាការ៉ាត់ ស្លតម៉ាស៊ីន បក្សីកីឡា និងភ្នាល់បាល់ទាត់ជាដើម ក្រោមឈ្មោះ កាស៊ីណូអនឡាញ PK777។

ការដំណើរការ ការលេង និងការចូលរួមក្នុងសកម្មភាពល្បែងអនឡាញខាងលើនេះ គឺជាអំពើល្មើសច្បាប់ ដែលប្រឈមនឹងការផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរទៅតាមច្បាប់ជាធរមាន។ មិនត្រឹមតែប៉ុណ្ណោះ ការប្រព្រឹត្ត ឬ លេងល្បែងស៊ីសងខុសច្បាប់បានបង្កឱ្យមានផលប៉ះពាល់យ៉ាងខ្លាំងដល់សន្តិសុខនិងសណ្តាប់ធ្នាប់សង្គម និងប៉ះពាល់ដល់អាជីវកម្មកាស៊ីណូដែលមានអាជ្ញាបណ្ណស្របច្បាប់ផងដែរ។ ចំពោះករណីនេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការចាត់វិធានការយ៉ាងក្តៅគគុកក្នុងការបង្ក្រាប កាស៊ីណូអនឡាញ PK777 នេះជាបន្ទាន់។

ជាមួយគ្នានេះ អគ្គលេខាធិការដ្ឋាននៃ គ.ល.ក. សូមក្រើនរំលឹកដល់សាធារណជនទាំងអស់ សូមកុំប្រព្រឹត្ត ឬលេង ឬ ចូលរួមគាំទ្រល្បែងស៊ីសងខុសច្បាប់នេះ ដែលប្រឈមនឹងការដាក់ទោសទណ្ឌ ទៅតាមច្បាប់ជាធរមាន។ អាស្រ័យដូចបានជម្រាបខាងលើ សូមសាធារណជន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ជ្រាប និងចូលរួមសហការអនុវត្តឱ្យបានម៉ឺងម៉ាត់ ៕

ប្រភព៖ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា

Share This Post: