រដ្ឋបាលក្រុងសៀមរាប នឹងរៀបចំទីតាំងជូនដល់បងប្អូនអាជីវករ លក់ដូរ ដោយពុំគិតថ្លៃ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូកខាងមុខនេះ
- November 14, 2023
ខេត្តសៀមរាប៖ នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលក្រុងសៀមរាប ចេញសេចក្តីជូនដំណឹងដល់បងប្អូនអាជីវករទាំងអស់ មេត្តាជ្រាបថា ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែត ប្រទីប និងសំពះព្រះខែ អកអំបុក ខាងមុខនេះ រដ្ឋបាលក្រុង នឹងរៀបចំ ទីតាំងសម្រាប់ជូនបងប្អូនអាជីវករ លក់ដូរ ដោយពុំគិតថ្លៃ ចាប់ពីស្ពានវត្តរាជបូព៌ដល់ស្ពានវត្តព្រះព្រហ្មរ័ត្ន (ប៉ែកខាងកើត និងខាងលិចស្ទឹង)។

ដោយបងប្អូនអាជីវករ ត្រូវចូលរួមសម្អាតបរិស្ថាន អនាម័យ ធ្វើការវេចខ្ចប់ ទុកដាក់ និងបញ្ចេញសំរាម ឲ្យបានត្រឹមត្រូវ ព្រមទាំងរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ឲ្យបានល្អ។
ក្នុងន័យនេះ សម្រាប់បងប្អូន អាជីវករដែលមានបំណងចង់លក់ដូរ នៅទីតាំងដែលបានកំណត់ខាងលើ សូមអញ្ជើញមកទំនាក់ទំនងចុះឈ្មោះស្នើសុំ និងចាប់ឆ្នោត ជ្រើសរើសលេខរៀងទីតាំង ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ រៀងរាល់ម៉ោងធ្វើការ នៅការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ នៃរដ្ឋបាលក្រុងសៀមរាប ស្ថិតក្នុងភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុង/ខេត្តសៀមរាប ដោយភ្ជាប់មកនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លងចំនួន ០១សន្លឹក។ រាល់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទូរសព្ទលេខ ០១១ ៧៦៨ ២១២ / ០១៧ ៧៧០ ៧១៩ ៕



- Share This Post:






