សង្គម

ច្បាស់ការហើយ! ស្ពានជ្រោយចង្វារទី១ នឹងបើកដំណើរការឡើងវិញនៅដើមខែមេសា ខាងមុខនេះ

BY
Khmernote Media
March 8, 2019

ស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារទី១) មានប្រវែង៩៧១មែត្រ ទទឹង១៣ម៉ែត្រ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦Aក្នុងភូមិសាស្ត្រទឹកដី រាជធានីភ្នំពេញ ត្រូវបានសាងសង់ និងសម្ភោធឱ្យប្រើប្រាស់ក្នុងឆ្នាំ១៩៦៣ ក្រោមហិរញ្ញប្បទានឥត សំណងរបស់ប្រទេសជប៉ុន ដោយមានក្រុមហ៊ុន Obayashi ជាក្រុមហ៊ុនទទួលបានសិទ្ធិក្នុងការជួសជុលសាងសង់ និងក្រុមហ៊ុន Central Consultant Inc ជាក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស។ ស្ពាននេះត្រូវបានខូចខាតដោយសង្គ្រាមស៊ីវិលនៅកម្ពុជា និងត្រូវបានសាង សង់ឡើងវិញនៅឆ្នាំ១៩៩២ ដោយប្រទេសជប៉ុន ហើយត្រូវបានប្តូរឈ្មោះទៅជាស្ពានមិត្តភាពកម្ពុជា-ជប៉ុន ដោយព្រះមហាវិរៈក្សត្រ សម្ដេចព្រះបាទព្រះបរមរតនកោដ្ឋ នរោត្ដម សីហនុ។

ដោយសារស្ពាននេះមានអាយុកាលដ៏ចំណាស់ ហើយស្របពេលកំណើនសេដ្ឋកិច្ច និងរំហូរចរាចរណ៍ កើនឡើងជាលំដាប់ ស្ពាននេះតម្រូវឱ្យមានការជួសជុលឡើងវិញជាបន្ទាន់ ដោយចំណាយថវិកាអស់ប្រមាណ ៣០លានដុល្លារអាមេរិក ក្រោមជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧ និងគម្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩។ គិតរហូតមកដល់ពេលនេះ ការងារស្តារ និងជួសជុលស្ពាននេះឡើងវិញសម្រេចបាន៩៧% ហើយ និងគ្រោងបើកឱ្យដំណើរការនៅមុនបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ។

យោងតាមការបញ្ជាក់ពី ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា នៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ គឺជាកាលបរិច្ឆេទ​គ្រោងបេីកដំណេីរការ​ឡេីងវិញ​ ស្ពានមិត្តភាពកម្ពុជា-ជប៉ុន​ (ជ្រោយចង្វារទី១)​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់​ សម្តេច​អគ្គមហាសេនាបតី​ តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា​៕

អត្ថបទ៖ សេម
រូបភាព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន

Share This Post: