ព័ត៌មានជាតិ

សោកស្ដាយ! សត្វផ្សោតមួយក្បាលវ័យ ៧ឆ្នាំ ប្រវែងជិត ២ម៉ែត្រ បានបាត់បង់ជីវិត ដោយសារឧបករណ៍ឆក់ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង

BY
Khmernote Media
November 16, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា សត្វផ្សោតវ័យ ៧ឆ្នាំមួយក្បាល ប្រវែងជិត ២ម៉ែត្រ ស្លាប់ដោយសារឧបករណ៍ឆក់ នៅស្រុកសៀមបូក ខេត្តស្ទឹងត្រែង។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ សូមជូនដំណឹងដល់សាធារណជនឱ្យបាន ជ្រាបថា នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ មានសត្វផ្សោត០១ក្បាល វ័យជំទង់ អាយុប្រមាណ ៧ឆ្នាំ ភេទឈ្មោល ប្រវែង១,៩៤ម៉ែត្រ ទម្ងន់៦៥គីឡូក្រាម បានស្លាប់នៅភូមិកោះជ្រឹម ឃុំអូរម្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង។ តាមការធ្វើកោសល្យវិច្ច័យរបស់មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងអង្គការ WWF សន្និដ្ឋានថា ផ្សោតនេះស្លាប់ដោយ ឧបករណ៍ឆក់ ព្រោះមានស្នាមជាំដុំៗនៅផ្នែកក្បាល និងដងខ្លួន។ ក្នុងឆ្នាំ២០២៣នេះ ផ្សោតកើតបាន៨ក្បាល និង ស្លាប់៥ក្បាល ក្នុងនោះ កូនផ្សោតស្លាប់២ក្បាល ជំទង់២ក្បាល និងស្លាប់ដោយចាស់ជរា១ក្បាល។

ចំពោះបញ្ហានេះ រដ្ឋបាលជលផលនឹងសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើប្រតិបត្តិការបង្ក្រាបបទល្មើស ឆក់នេះ និងដាក់ទោសទណ្ឌធ្ងន់ធ្ងរដល់អ្នកប្រព្រឹត្តល្មើស តាមច្បាប់ស្តីពីជលផល។

រដ្ឋបាលជលផលសូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងប្រជាពលរដ្ឋនៅមូលដ្ឋាន សូមផ្ដល់ព័ត៌មាន ដល់សមត្ថកិច្ច នៅពេលឃើញមានអ្នកប្រើឧបករណ៍ឆក់ត្រី។ រដ្ឋបាលជលផលនឹងផ្តល់ជូននូវរង្វាន់លើកទឹកចិត្ត។ លេខទូរស័ព្ទផ្ដល់ព័ត៌មាន៖ ០៩៧ ៦៦៦ ៤៩៩៩ / ០១១ ៣៥៥ ៨៨៣ / ០៨៨ ៨៣៥៥ ៨៨៣ /០១២ ៨៩៧ ៩៤៣

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Share This Post: