កម្លាំងនគរបាល ចុះបង្រ្កាបក្រុមក្មេងទំនើងចំនួន២ក្រុម ដែលបង្កចលាចលក្នុងក្រុងសៀមរាប
- November 16, 2023
ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០០៖៣០នាទី នៅត្រង់ចំណុចមុខសណ្ឋាគារយីហោ ម៉ៅ ហ៊ាន ស្ថិតក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីក្មេងទំនើងចំនួន០២ក្រុម បានបង្កហិង្សា ដោយយកដុំថ្ម និងមួកសុវត្ថិភាពគប់គ្នាទៅវិញទៅមក តែមិនបណ្តាលឲ្យភាគីណារងរបួសស្នាមនោះទេ ក្រោយពីធ្វើសកម្មភាពហើយក្រុមក្មេងទំនើងទាំងនោះបានគេចខ្លួនបាត់។

បន្ទាប់ពីទទួលបានព័ត៌មានខាងលើ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល និងកម្លាំងការិយាល័យអន្តរាគមន៍និងតម្រួតបទបញ្ជ បានសហការណ៍ជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានចុះស្រាវជ្រាវនិងបាននាំខ្លួនក្មេងទំនើងទាំង ០២ក្រុម ដែលមានចំនួនសរុប ៣០នាក់ ស្រី០១នាក់ ដែលពាក់ព័ន្ធនិងករណីខាងលើមកធ្វើការសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប។
តាមចម្លើយសារភាពនៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០២ក្រុមខាងលើបានឆ្លើយសារភាពថា ពួកខ្លួនបានមានជម្លោះពាក្យសំដីជាមួយគ្នា ហើយបានយកដុំថ្ម និងមួកសុវត្ថិភាព គប់គ្នាទៅវិញទៅមកពិតមែន ។ ក្រុមក្មេងទំនើងទាំងនេះត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំណែនាំ ៕

ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តសៀមរាប Commissariat Of Siem Reap Province Police
- Share This Post:






