អាមេរិកថា មិនទាន់មានគម្រោងថ្មីសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មរវាង អាមេរិក-ចិន
មន្រ្តីរដ្ឋបាល Trump មិនបានធ្វើគម្រោងថ្មីណាមួយដើម្បីបញ្ជូនក្រុមទៅប្រទេសចិនសម្រាប់កិច្ចពិភាក្សាពាណិជ្ជកម្មដោយផ្ទាល់ទេ ទោះបីជាមានការងារជាច្រើនដែលត្រូវធ្វើ ដើម្បីឈានដល់កិច្ចព្រមព្រៀងក៏ដោយ។ នេះបើតាមទីប្រឹក្សាពាណិជ្ជកម្មសេតវិមានលោក Clete Willems កាលពីថ្ងៃសុក្រ។ លោក Willems បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅខាងក្រៅព្រឹត្តិការណ៍សាលាច្បាប់ Georgetown Law ថា៖ «យើងកំពុងនិយាយទៅកាន់ពួកគេ (មន្ត្រីចិន) ជារៀងរាល់ថ្ងៃ ប៉ុន្តែគ្មាននរណាម្នាក់មានគម្រោងអ្វី» ។ ហើយនៅពេលដែលត្រូវបានសួរអំពីការរំពឹងទុកសម្រាប់ការជួបគ្នាផ្ទាល់មាត់នាពេលអនាគត លោក Willems និយាយថា «ប្រហែល ប៉ុន្តែមិនទាន់មានផែនការច្បាស់លាស់នៅឡើយទេ» ។
រដ្ឋាភិបាលនៃប្រទេសមហាសេដ្ឋកិច្ចធំជាងគេទាំងពីរ ត្រូវបានជាប់គាំងក្នុងជម្លោះពន្ធដាររយៈពេលជាច្រើនខែ ខណៈពេលរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោនបានជំរុញឱ្យទីក្រុងប៉េកាំងដោះស្រាយកង្វល់យូរអង្វែងលើការអនុវត្ត និងគោលនយោបាយរបស់ចិនជុំវិញការឧបត្ថម្ភធន ឧស្សាហកម្ម ការផ្ទេរបច្ចេកវិទ្យា ការចូលទីផ្សារ និងសិទ្ធិកម្មសិទ្ធិបញ្ញា។ កិច្ចពិភាក្សាបានជំរុញឱ្យសេតវិមានពន្យារពេលជាបន្តបន្ទាប់លើពន្ធការនាំចូលរបស់ចិនដែលមានតម្លៃ ២០០ពាន់លានដុល្លារ ដែលគ្រោងចាប់ផ្តើមនៅថ្ងៃ ទី២ ខែមីនា ប៉ុន្តែពន្យាដល់ពេលនេះ៕

អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia