ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន ប្រកាសឱ្យផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រទាំងអស់ជាបណ្តោះអាសន្ន រហូតរង់ចាំការជូនដំណឹងជាថ្មី

BY
Khmernote Media
November 17, 2023

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ប្រកាសឱ្យផ្អាកការធ្វើដំណើរតាមផ្លូវសមុទ្រទាំងអស់ជាបណ្តោះអាសន្ន ដោយសារបញ្ហាអាកាសធាតុ រហូតរង់ចាំការជូនដំណឹងជាថ្មី។

បើយោងតាមសារសំឡេងរបស់ ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ « សូមជម្រាបជូនឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំខេត្ត និងកងកម្លាំងប្រដាប់អាវុធ ពិសេសអ្នកមានភារកិច្ចនៅក្នុងផ្លូវទឹក និងផ្លូវសមុទ្រ សូមយកចិត្តទុកដាក់ខ្ពស់ ដោយផ្នែកទៅលើបញ្ហាអាកាសធាតុ ខ្យល់ខ្លាំង រលកធំៗ អាចបង្កឱ្យមានហានិភ័យ។ ក្នុងនាមខ្ញុំជាអភិបាលខេត្ត ស្នើសុំឱ្យមានការផ្អាកការធ្វើដំណើរជាបណ្ដោះអាសន្ន ទាំងទេសចរណ៍​ ទាំងដឹកជញ្ជូន និងប្រជានេសាទ។ ដូច្នេះសូមឱ្យបងប្អូនអ្នកមានសមត្ថកិច្ច បានធ្វើការផ្សព្វផ្សាយទូលំទូលាយទៅដល់សហគមន៍ប្រជានេសាទ ទៅដល់សមាគមន៍ទេសចរណ៍ និងសមាគមន៍ដឹកជញ្ជូនខាងផ្លូវទឹក គឺឱ្យផ្អាកការធ្វើដំណើរទៅក្នុងលម្ហសមុទ្រ ឬទៅតាមបណ្ដាកោះជាបណ្ដោះអាសន្នសិន ក្នុងស្ថានភាពដែលមានហានិភ័យនេះ រង់ចាំដល់ស្ថានភាពល្អប្រសើរ ទើបអនុញ្ញាតឱ្យដំណើរការសកម្មភាពជាប្រក្រតីឡើងវិញ។»

ឯកឧត្តម គួច ចំរើន បានមានប្រសាសន៍បន្ថែមថា៖ «សូមឯកឧត្តម លោកជំទាវ លោក លោកស្រី ខិតខំយកចិត្តទុកដាក់អនុវត្តភារកិច្ចនេះ និងផ្សព្វផ្សាយកិច្ចការនេះឱ្យបានទូលំទូលាយទៅដល់អ្នកដែលមានការពាក់ព័ន្ធ ជាពិសេសគឺបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរនៅក្នុងលម្ហសមុទ្ររបស់យើង ៕ »

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

Share This Post: