វៀតណាមជាប់លេខ ២ ក្នុងអាស៊ីអាគ្នេយ៍ ដែលមានស្រ្តីចូលរួម និងដឹកនាំអាជីវកម្មច្រើនបំផុត
របាយការណ៍ចុងក្រោយបំផុតដោយក្រុមហ៊ុនពិគ្រោះយោបល់អន្តរជាតិ Grant Thornton បានបង្ហាញថា បច្ចុប្បន្នស្ត្រីកំពុងកាន់កាប់តំណែងគ្រប់គ្រងជាន់ខ្ពស់ចំនួន ៣៦ភាគរយ នៅក្នុងអាជីវកម្មរបស់វៀតណាម ដែលវាបានធ្វើឱ្យប្រទេសនេះជាប់ចំណាត់ថ្នាក់ ទី២ បន្ទាប់ពីហ្វីលីពីន (៣៧.៥) ដែលមានស្ត្រីច្រើនបំផុតចូលរួមក្នុងអាជីវកម្ម។ VnExpress ក៏បានដកស្រង់សំដីរបស់ Grant Thornton ស្តីអំពី «នារីក្នុងអាជីវកម្ម ឆ្នាំ២០១៩» ដែលបានរាយការណ៍កាលពីថ្ងៃសុក្រថា ប្រហែល ២៩ភាគរយ នៃតួនាទីគ្រប់គ្រងជាន់ខ្ពស់នៅទូទាំងពិភពលោកឥឡូវនេះត្រូវបានគ្រប់គ្រងដោយស្ត្រី ខណៈនៅអាស៊ីអាគ្នេយ៍គឺមាន ២៨ភាគរយផងដែរ។
យោងតាមរបាយការណ៍បានឱ្យដឹងថា នៅប្រទេសវៀតណាមតំណែងកំពូលៗដែលកាន់កាប់ដោយស្ត្រីរួមមាន៖ នាយកហិរញ្ញវត្ថុ នាយកប្រតិបត្តិ នាយកធនធានមនុស្ស និងនាយកទីផ្សារ។ វេទិកាសេដ្ឋកិច្ចពិភពលោកបានឱ្យដឹងថា ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសចំនួន ២៥ នៅលើពិភពលោក ដែលបិទច្រកគម្លាតយេនឌ័រនៅក្នុងកម្លាំងពលកម្ម។ ហើយបើយោងតាមផែនការអភិវឌ្ឍន៍របស់ប្រទេសវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមកំពុងកំណត់ទិសដៅឱ្យមានសហគ្រាសចំនួន ១លាន នៅត្រឹម ឆ្នាំ២០២០ ដែលក្នុងនោះច្រើនជាងមួយភាគបីគឺនឹងត្រូវគ្រប់គ្រងដោយស្ត្រី៕


អត្ថបទ៖ លីដា
ប្រភព៖ xinhuanet