ព័ត៌មានជាតិ

រយៈពេល ៤ថ្ងៃដំបូង ប.ស.ស. ចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋជិត ២០០.០០០នាក់ឱ្យយល់ដឹងពីរបបថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត

BY
Khmernote Media
November 20, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន បានឱ្យដឹងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងធ្វើយុទ្ធនាការចុះផ្សព្វផ្សាយរយៈពេល ៣០ថ្ងៃដើម្បីឱ្យប្រជាពលរដ្ឋដែលប្រកបរបរផ្ទាល់ខ្លួនឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត ខណៈដែលក្នុងយុទ្ធនាការរយៈពេល ៤ថ្ងៃដំបូងនេះ ប.ស.ស. បានចុះផ្សព្វផ្សាយដល់ប្រជាពលរដ្ឋបានចំនួនប្រមាណជិត ២០០.០០០នាក់។

យុទ្ធនាការនេះបានចាប់ផ្តើមនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ គឺមួយថ្ងៃបន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាអ្នកនាំពាក្យនៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ មានបងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រកបរបរផ្ទាល់ខ្លួនសរុបប្រមាណជា ១៩៧.៤០៨នាក់ហើយ ទទួលបានការផ្សព្វផ្សាយស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត»។

ឯកឧត្តមបណ្ឌិត បានបញ្ជាក់បន្ថែមថា ដោយឡែក គ្រាន់តែនៅក្នុងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលជាថ្ងៃទី៤ នៃយុទ្ធនាការ ក្រុមការងារ ប.ស.ស. បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយតាមរោងចក្រ សហគ្រាស ផ្ទះជួល ផ្សារ និងទីប្រជុំជនសរុបចំនួន ១៩៦លើក ដែលមានអ្នកចូលរួមសរុបប្រមាណជា ៥២.៣៥១នាក់។

តាមរបាយការណ៍ ប.ស.ស. បានឱ្យដឹងថា ក្នុងយុទ្ធនាការថ្ងៃទី២ ដែលត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រុមការងារ ប.ស.ស. បានចុះផ្សព្វផ្សាយសរុបបានចំនួន ៩៦លើក និងមានអ្នកចូលរួមសរុបចំនួនជាង ៦៣.០០០ នាក់ ដោយនៅក្នុងនោះ នៅក្នុងរាជធានីភ្នំពេញមានការផ្សព្វផ្សាយនៅតាមសហគ្រាសសរុបចំនួន ២៤សហគ្រាស ស្មើនឹង ២៤លើក មានអ្នកចូលរួមសរុបជាង ៤១.០០០នាក់ និងចុះផ្សព្វផ្សាយតាមផ្សារសរុបចំនួន ១៣ផ្សារ ស្មើនឹង ៣៦លើក និងមានអ្នកចូលរួមសរុបជាង ១០.៣០០នាក់។ សម្រាប់សាខា ប.ស.ស. ខេត្ត-ខណ្ឌ ក្រុមការងារ ប.ស.ស. បានចុះផ្សព្វផ្សាយតាមសហគ្រាសសរុបចំនួន ៣៩សហគ្រាស ស្មើនឹង ៣៦លើក និងមានអ្នកចូលរួមសរុបជាង ១១.៨០០នាក់។

ក្នុងយុទ្ធនាការចុះផ្សព្វផ្សាយទាំងនេះ ប្រជាពលរដ្ឋ អាជីវករ និងកម្មករនិយោជិតបានទទួលការផ្សព្វផ្សាយស្តីពីលក្ខខណ្ឌ និងនីតិវិធីនៃការស្នើសុំចុះឈ្មោះចូលជាសមាជិក ប.ស.ស. តាមរបបភាគទានដោយស្ម័គ្រចិត្ត ពិសេសការផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ដែលប្រជាពលរដ្ឋត្រូវទទួលបានពេលក្លាយជាសមាជិក ប.ស.ស.។

យុទ្ធនាការរយៈពេល ៣០ថ្ងៃនេះមានគោលដៅពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយទៅដល់មូលដ្ឋានជាគោលដៅ ធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋ កម្មករនិយោជិត ពិសេសប្រជាពលរដ្ឋដែលជាអ្នកប្រកបរបរផ្ទាល់ខ្លួនឱ្យទទួលបានការយល់ដឹងកាន់តែច្បាស់ និងស៊ីជម្រៅស្តីពីរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តនេះ។

យោងតាមបណ្តាញសង្គមរបស់ ប.ស.ស. បានឱ្យដឹងថា ការផ្សព្វផ្សាយ គឺជារឿងសំខាន់ណាស់ ដែលអាចឱ្យប្រជាពលរដ្ឋ ពិសេសសមាជិក ប.ស.ស. បានយល់ដឹងកាន់តែច្បាស់ស្តីពីរបបសន្តិសុខសង្គម។ យុទ្ធនាការនេះកាន់តែសំខាន់ និងចាំបាច់បំផុត ដែលថ្នាក់ដឹកនាំ ប.ស.ស. ទាំងអស់ ទាំងថ្នាក់កណ្តាល និងតាមបណ្តាសាខាខេត្ត-ខណ្ឌ ត្រូវយកចិត្តទុកដាក់ និងពង្រីកការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយបន្ថែមទៀត ដោយត្រូវផ្សព្វផ្សាយឱ្យបានគ្រប់ទម្រង់ គ្រប់រូបភាព និងគ្រប់ទីកន្លែង ធ្វើយ៉ាងណាឱ្យការផ្សព្វផ្សាយនេះបានទៅដល់ប្រជាពលរដ្ឋ ពិសេសអ្នកប្រកបរបរផ្ទាល់ខ្លួន ក៏ដូចជាអ្នកក្នុងបន្ទុកសមាជិក ប.ស.ស.។

សូមបញ្ជាក់ផងដែរថា តាមរយៈការដាក់ចេញគោលនយោបាយថ្មីនេះ អ្នកប្រកបរបរផ្ទាល់ខ្លួនដែលជាបុគ្គលស្វ័យនិយោជន៍ ដូចជាអ្នកលក់ដូរ អ្នករត់ម៉ូតូឌុប ម៉ូតូកង់បី ពិសេសអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. រួមមានប្តី ឬប្រពន្ធអាយុក្រោម ៦០ឆ្នាំ និងកូនអាយុក្រោម ១៨ឆ្នាំ អាចមានសិទ្ធិទៅស្នើសុំធ្វើបណ្ណ ប.ស.ស. និងបង់ភាគទានតាមគោលការណ៍ស្ម័គ្រចិត្តចំនួន ១៥.៦០០រៀលក្នុងម្នាក់ ដើម្បីទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គមផ្នែកថែទាំសុខភាពដូចកម្មករនិយោជិត និងមន្ត្រីសាធារណៈ៕

ប្រភព៖ ក្រសួងព័ត៌មាន

Share This Post: