សម្ដេចធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាមានការគ្រប់គ្រងលើកម្ចីពីបរទេស មិនឱ្យបាត់ម្ចាស់ការឡើយ ហើយកម្ចីដែលខ្ចីមកគឺដើម្បីពន្លឿន ការអភិវឌ្ឍនៅកម្ពុជា និងបម្រើដល់ផលប្រយោជន៍ពលរដ្ឋកម្ពុជាទូទាំងប្រទេស
នាព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៥ (ព្រែកក្ដាម-បាត់ដំបង) និងបើកការដ្ឋានសាងសង់ (សិរីសោភ័ណ-ប៉ោយប៉ែត) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលជប៉ុន។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា កម្ពុជាមានការគ្រប់គ្រងលើកម្ចីពីបរទេស ក្នុងកម្រិតដែលគ្រប់គ្រងបាន មិនឱ្យបាត់ម្ចាស់ការនោះឡើយ ហើយការខ្ចីពីប្រទេសនានា គឺដើម្បីពន្លឿន ការអភិវឌ្ឍនៅកម្ពុជា និងបម្រើដល់ផលប្រយោជន៍ពលរដ្ឋកម្ពុជាទូទាំងប្រទេស។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រសាសន៍ថា៖ « មានការចោទសួរច្រើនណាស់ ហើយខ្ញុំឃើញការលើកឡើង ហើយវាយប្រហាររដ្ឋាភិបាល ខ្ញុំឃើញការលើកឡើងមួយនោះថា រដ្ឋាភិបាលខ្មែរ ៩០ថ្ងៃនេះ ដេករហូត ហើយដើរតែខ្ចីលុយគេ។ ការទាញយកឥណទាន នៅក្នុងការអភិវឌ្ឍផ្លូវ វាមិនខុសពីក្រុមហ៊ុនមួយនៅក្នុងការវិនិយោគនៅលើគ្រប់ប្រទេសទាំងអស់ មិនថាប្រទេសណាទេ ធនធានរបស់ខ្លួនដើម្បីក្នងការវិនិយោគបន្ថែមត្រូវការពង្រីកលទ្ធភាព ព្រោះវេលាសំខាន់ណាស់ យើងអាចមានជម្រើសទី១ សន្សំថវិកាជាតិរបស់យើង មួយឆ្នាំយើងទុកតិចៗ ដើម្បីសន្សំបាន ៦០០លានដុល្លារ យកមកធ្វើផ្លូវនេះ អ៉ីចឹងតើពេលណា ដែលផ្លូវនេះបាន បើសិនជាការចំណាយយើងត្រូវគិតគូររាប់ពាន់លានទៀតទៅលើការបំពាក់់ ការដោះស្រាយបៀវត្ស ការចេញគោលនយោបាយគាំពារសង្គម ហើយចំណូលរបស់យើងក៏មានកំណត់ ប្រទេសកំពុងអភិវឌ្ឍន៍យើងមិនអាចពង្រីក ពន្ធ ឬ ដំឡើងពន្ធទៅលើប្រជាពលរដ្ឋ យកមូលដ្ឋានផ្ទៃក្នុង អ៉ឺចឹងមូលដ្ឋាននៃការលើក ឬ ប្រមូលថវិកា សម្រាប់គ្រប់ប្រទេសទាំងអស់ មានច្រើនទី១ គឺរដ្ឋាភិបាលកម្ចី ទី២ ស្ថាប័នពីបណ្ដាប្រទេសផ្សេងៗ ឧទាហរណ៍ក្រោយសង្រ្គាមលោកលើកទី២ ធនាគារពិភពលោកបង្កើតមកគឺដើម្បីកម្ចី នៅក្នុងការទម្លាក់ទុន ដល់ប្រទេសដែលគ្មានលទ្ធភាព ដើម្បីរៀបចំ ហើយគ្រប់បណ្ដាប្រទេសទាំងអស់ ត្រូវការមូលធនខាងក្រៅ ដើម្បីជួយនៅក្នុងការវិនិយោគ ការប្រើប្រាស់ទុនវិនិយោគទី២ រដ្ឋាភិបាលក៏ខ្ចីពីប្រជាពលរដ្ឋនៅក្នុងប្រទេសច្រើនណាស់ ដែលរដ្ឋាភិបាលខ្ចីចេញពីតាមរយៈការចេញ Bond (សញ្ញាបណ្ណ) ការផ្ដល់នូវកម្ចីតាមរយៈរូបភាពផ្សេងៗ ដើម្បីធ្វើការវិនិយោគ ប៉ុន្តែអ្វីដែលសំខាន់ ការកម្ចីនោះការប្រើប្រាស់វិនិយោគនោះទៅលើអ្វី គឺការប្រើប្រាស់ការវិនិយោគនៃកម្ចីនោះត្រូវមានការទទួលខុសត្រូវខ្ពស់ ហើយយើងមានលទ្ធភាពគ្រប់គ្រងនៅក្នុងកម្រិតណាមួយ ដែលយើងអាច សងត្រលប់ទៅវិញបាន ហើយយើងយកផល ហើយការវិនិយោគទី១ ការខ្ចីដោយទទួលខុសត្រូវ កម្ចីមិនថាពីជប៉ុន ពីចិន ពីធនាគារពិភពលោក ពីបណ្ដាប្រទេសផ្សេងៗ ដើម្បីបង្កើនលទ្ធភាព ដោះស្រាយបញ្ហាឱ្យបានលឿន យើងមិនធ្វើតែផ្លូវជាតិលេខ៥ ទេ យើងធ្វើផ្លូវជាតិច្រើនណាស់ នៅក្នុងការពង្រីកផ្លូវជាតិលេខ៦ ផ្លូវជាតិលេខ១ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ៣ និយាយរួមសរសៃឈាមរបស់យើងត្រូវដើរទន្ទឹមគ្នា ដើម្បីពង្រីក ព្រលានយន្តហោះ ផែទឹកជ្រៅ ប៉ុន្តែអ្វីដែលសំខាន់គឺការគ្រប់គ្រងបំណុលសាធារណៈនេះ គឺយើងមានកំណត់របស់យើងមិនឱ្យធ្ងន់ពេក ដែលធ្វើឱ្យយើងបាត់ម្ចាស់ការ។ ហើយការខ្ចីបំណុល យកមកវិនិយោគដោយត្រឹមត្រូវ ដើម្បីបង្កើតចរន្តសេដ្ឋកិច្ច ដែលចែកផលដល់ប្រជាពលរដ្ឋ»៕


អត្ថបទ៖ លីនី