សម្ដេចធិបតី នាយករដ្ឋមន្រ្តី ណែនាំឱ្យក្រសួងសាធារណការ និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ថែទាំផ្លូវជាតិទាំងអស់ឱ្យបានល្អប្រសើរ បើមានការខូចខាតត្រូវប្រញាប់ជួសជុលឱ្យបានឆាប់រហ័ស
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឱ្យក្រសួងសាធារណការ និងដឹកជញ្ជូន និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវបន្តការថែទាំងផ្លូវជាតិលេខ៥ និងបណ្តាផ្លូវជាតិ ស្ពាន និងទ្រព្យសម្បត្តិរដ្ឋទាំងអស់ឱ្យបានល្អប្រសើរ ហើយនៅពេលមានការខូចខាតណាមួយត្រូវជួសជុលឲ្យបានឆាប់រហ័ស ចៀសវាងការបណ្ដោយឲ្យមានការខូចខាតធ្ងន់ធ្ងរ។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូចនេះនៅព្រឹកថ្ងៃពុធ ១០កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នាឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំណាត់ផ្លូវជាតិលេខ៥ ពីព្រែកក្តាម រហូតដល់ខេត្តបាត់ដំបង។ ជាមួយនោះក៏មានការបើកការដ្ឋានសាងសង់ផ្លូវពីសិរីសោភ័ណ ទៅកាន់ប៉ោយប៉ែតផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូច្នេះថា «ខ្ញុំក៏សូមដាក់ចេញនូវអនុសាសន៍មួយចំនួនសម្រាប់ក្រសួងស្ថាប័ន និងភាគីពាក់ព័ន្ធអនុវត្តមួយចំនួន៖ ទី១.ក្រសួងសាធារណការ និងដឹកជញ្ជូន ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់នៃបណ្ដាមន្ទីរ បណ្ដាខេត្ត នៅតាមបណ្ដោយផ្លូវជាតិលេខ៥នេះ កំណត់យន្តការនឹងសុំចាត់វិធានការឲ្យបានតឹងរ៉ឹងបំផុតក្នុងការថែរក្សាផ្លូវជាតិនេះឲ្យមានគុណភាពល្អប្រសើរសម្រាប់អ្នកដំណើរជានិច្ច នៅក្នុងករណីដែលមានការខូចខាតណាមួយសូមជួសជុលឲ្យបានឆាប់រហ័ស និងចៀសវាងការបណ្ដោយឲ្យមានការខូចខាតធ្ងន់ធ្ងរទៅថ្ងៃក្រោយ។ ការណែនាំនេះមិនមែនសម្រាប់តែផ្លូវជាតិលេខ៥នោះទេ គឺសូមអនុវត្តនៅគ្រប់បណ្ដាផ្លូវ ស្ពាន និងទ្រព្យសម្បត្តិរដ្ឋទាំងអស់ ដែលក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបង្កើតយន្តការរួមដើម្បីឃ្លាំមើល និងជួសជុលជាប្រចាំនូវគុណភាពសំណង់ ហេដ្ឋារចនាសម្ព័ន្ធទាំងអស់ ឱ្យបានល្អប្រសើរជានិច្ច។ ទី២.ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធត្រូវពង្រឹងសុវត្ថិភាពនៅតាមដងផ្លូវ ជាពិសេសត្រូវពង្រឹងនូវស្លាកសញ្ញាចរាចរណ៍ និងការសម្រួលរំហូរចរាចរណ៍ជាដើម ដើម្បីចៀសវាងនិងកាត់បន្ថយឲ្យបាននូវហានិភ័យនៃគ្រោះថ្នាក់ចរាចរណ៍។ ទី៣.ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធក៏ត្រូវពង្រឹងការបន្ស៉ីគ្នា រវាងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនីមួយៗ ជាពិសេសការធ្វើផ្លូវ ស្ពាន បណ្ដាញលូ ប្រព័ន្ធទឹក និងប្រព័ន្ធអគ្គីសនីឲ្យស្របទៅតាមប្លង់គោលមួយដើម្បីជៀសវាងការធ្វើរៀងៗខ្លួន ដែលនាំឲ្យខាតបង់ដល់ថវិកាជាតិ ថវិកាជំនួយ ថែមទាំងបង្កផលលំបាកដែលមិនចាំបាច់ដល់ប្រជាពលរដ្ឋ។ ទី៤.ខ្ញុំសូមសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ដែលអ្នកប្រើប្រាស់ផ្លូវថ្នល់សូមបន្តចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងត្រូវប្រើប្រាស់គន្លងផ្លូវឲ្យបានត្រឹមត្រូវ កុំបើកលើសល្បឿនកំណត់ និងត្រូវប្រុងប្រយ័ត្នជានិច្ចនូវចំណុចដែលមានផ្លូវឆ្លងកាត់ ត្រូវចូលរួមទប់ស្កាត់ឲ្យបានដាច់ខាតនូវការដឹកជញ្ជូនលើសកំណត់ទម្ងន់ និងត្រូវត្រួតពិនិត្យជាប្រចាំនូវលក្ខណៈបច្ចេកទេសយានយន្តឱ្យបានជាប់ជាប្រចាំ »៕




អត្ថបទ៖ លីនី