ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរជាតិអប្សរា រៀបចំពិព័រណ៍ «វត្ថុបុរាណសិតពីលោហៈមកពីប្រាសាទមេបុណ្យខាងលិច» ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤

    BY Khmernote Media November 23, 2023
    អាជ្ញាធរជាតិអប្សរា រៀបចំពិព័រណ៍ «វត្ថុបុរាណសិតពីលោហៈមកពីប្រាសាទមេបុណ្យខាងលិច» ចាប់ពីថ្ងៃនេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា នាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយ បានរៀបចំពិព័រណ៍មិនអចិន្រ្តៃយ៍នៅសារមន្ទីរព្រះនរោត្តម សីហនុ-អង្គរ រយៈពេលខ្លី ចាប់ពីថ្ងៃទី២៣ខែវិច្ឆិកា ឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីតាំងបង្ហាញវត្ថុបុរាណចំនួន១៨ ដែលសិតពីលោហៈមាន សំរឹទ្ធិ ទង់ដែង និងដែក ព្រមទាំងកុលាលភាជន៍មួយប្រភេទ ជាឆ្នាំងដី ដែលមានរូបព្រះពុទ្ធបដិមាសិតពីក្រមួននៅក្នុងនោះផង មានប្រភពមកពីប្រាសាទមេបុណ្យខាងលិច។

    វត្ថុសិល្បៈទាំងអស់នេះ គឺជាលទ្ធផលនៃការធ្វើកំណាយស្រាវជ្រាវបុរាណវិទ្យានៅទីនោះ ក្នុងចន្លោះឆ្នាំ២០១២ ដល់ឆ្នាំ២០១៨។ បន្ទាប់ពីបានជួសជុល ថែទាំឱ្យមានសុវត្ថិភាព ទើបយកមកដាក់តាំងបង្ហាញឱ្យភ្ញៀវជាតិ អន្តរជាតិ សិស្សនិស្សិតបានស្គាល់ ព្រមទាំងផ្តល់ជាឱកាសដល់ការងារសិក្សាស្រាវជ្រាវនានាផង។

    បើយោងតាមមន្ត្រីជំនាញនៃអាជ្ញាធរជាតិអប្សរាបញ្ជាក់ថា វត្ថុបុរាណ ឬសមុច្ច័យចំនួន១៨នេះ ខ្លះប្រហែល ជាអាចមានអាយុកាលដំណាលគ្នានឹងប្រាសាទមេបុណ្យខាងលិច ក្នុងចន្លោះរាជព្រះបាទសូរ្យវរ័្មនទី១ និងព្រះបាទឧទ័យាទិត្យវរ័្មនទី២ ពោលគឺក្នុងសម័យអង្គរ។ ចំណែកភាជន៍ដែលមានរូបពុទ្ធបដិមានៅក្នុងវិញ អាចប្រហែលជាស្ថិតក្នុងសម័យក្រោយអង្គរ ឬក្រោយនោះទៀតក៏ថាបាន នេះបើផ្អែកលើប្រភេទរូបរាងនៃភាជន៍ និងបរិបទរបស់រូបបដិមា ៕

    ប្រភព៖ អាជ្ញាធរជាតិអប្សរា Apsara National Authority

    Share This Post:
    MPO4D jitutoto mpo4d Mpoplay