ស្នងការនគរបាលខេត្តក្រចេះ សម្រេចផ្អាកការងារលោកមេប៉ុស្តិ៍ស្រែចារ ជាបណ្តោះអាសន្ន និងឱ្យបង្ហាញមុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ
- November 23, 2023
ខេត្តក្រចេះ៖ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានចេញសេចក្តីបកស្រាយបំភ្លឺ ទាក់ទងទៅនឹងករណីឃាត់ការសម្តែងសិល្បៈល្ខោននាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣ បន្ទាប់ពីមានមហាជនជាច្រើនផ្ទុះប្រតិកម្មខ្លាំងលើបណ្ដាញសង្គម។

អ្នកនាំពាក្យ និងជាក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមជម្រាបជូនថា បន្ទាប់ ពីទទួលព័ត៌មានលើបណ្តាញសង្គមថា មានមេប៉ុស្តិ៍ស្រែចារ បានទៅឃាត់ការសម្តែងសិល្បៈល្ខោនក្នុង ពិធីបុណ្យកឋិនទាននៅវត្តអូរលុង ក្នុងភូមិអូរលុង ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ នាយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។
ក្រោយពីបានទទួលព័ត៌មានភ្លាម ស្នងការនគរបាលខេត្ត បានធ្វើការចាត់ក្រុមប្រឹក្សាវិន័យ ស្រាវជ្រាវ និងកោះហៅនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ មកសាកសួរបំភ្លឺពិតជាបានសួររកលិខិត អនុញ្ញាត និងបង្កឲ្យមានការរំខានក្នុងការសម្តែងពិតប្រាកដ។ ក្រុមប្រឹក្សាវិន័យ បានសម្រេចដាក់វិន័យ ចំពោះលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ ដោយផ្អាកការងារជាបណ្តោះអាសន្ន និងមកបង្ហាញ មុខនៅការិយាល័យបុគ្គលិករៀងរាល់ម៉ោងធ្វើការ។
ស្នងការដ្ឋាននគរបាលខេត្ត សូមធ្វើការអភ័យទោសចំពោះកំហុសឆ្គងរបស់មន្ត្រី នៃស្នងការដ្ឋាន នគរបាលខេត្ត។ ទន្ទឹមនេះដែរ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ សូមថ្លែងអំណរគុណ និងត្រៀមដើម្បីទទួលរាល់ កិច្ចសហការមតិរិះគន់ដើម្បីស្ថាបនានានា ពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ពិសេសតាមបណ្តាញផ្សព្វផ្សាយ សង្គមព័ត៌មាន ៕


- Share This Post:






