ស្ត្រីម្នាក់វាយ ស្ដីបន្ទោស និងបោះបង់កូនប្រុសចោល ដោយសារគេប្រឡងបានតែ ៨១ ពិន្ទុ
យោងតាមសារព័ត៌មាន Daily Mail Online បានឱ្យដឹងថា ក្មេងប្រុសម្នាក់ឈ្មោះថា Yang អាយុ ១២ឆ្នាំ ត្រូវបានគេវាយ និងបោះបង់ចោលនៅតាមផ្លូវ ដោយសារកុមារាមិនទទួលបានពិន្ទុល្អក្នុងការប្រឡង។ ហេតុការណ៍នេះត្រូវបានគេនិយាយថា បានកើតឡើងនៅតាមដងផ្លូវ Luoyang ខេត្ត Henan ប្រទេសចិន ខណៈអ្នកដំណើរឆ្លងកាត់ទីនោះបានឃើញម្ដាយរបស់កុមារាមានការខឹងសម្បានឹងរូបគេ ថែមទាំងមានការវាយដំ និងស្ដីបន្ទោសឱ្យខ្លាំងៗទៀតផង។
មន្រ្តីប៉ូលីសក៏បានប្រាប់អ្នកយកព័ត៌មានថា មូលហេតុដែលម្តាយវាយដំ និងបោះបង់ចោលក្មេងប្រុសនេះ គឺដោយសារតែកុមារាទទួលបានពិន្ទុត្រឹមតែ ៨១ភាគរយ ប៉ុណ្ណោះនៅក្នុងការប្រឡង ខណៈម្តាយគាត់រំពឹងថា គាត់នឹងអាចទទួលបានយ៉ាងហោចណាស់ក៏ ៩៥ភាគរយ ដែរ! វីដេអូមួយដែលចេញផ្សាយដោយ Daily Mail ក៏បានបង្ហាញថា មន្ត្រីប៉ូលិសបាននិយាយសួរទៅកាន់កុមារា ថាតើស្ត្រីដែលវាយគាត់គឺជាម្តាយរបស់គាត់មែនទេ? កុមារាក៏ងក់ក្បាល និងឆ្លើយតបថា «ដោយសារខ្ញុំទទួលបានពិន្ទុមិនល្អ»។
ក្រោយពីបានសម្ភាសសាក្សីជាច្រើននាក់ មន្រ្តីប៉ូលិសបានទាក់ទងទៅម្តាយរបស់គេតាមទូរសព្ទហើយស្ត្រីជាម្តាយក៏បានតបថា៖ «ខ្ញុំមិនចង់បានគេតទៅទៀតទេ ចង់ធ្វើយ៉ាងម៉េចជាមួយគេក៏ធ្វើចុះ ចាំខ្ញុំអ្នកចេញលុយ»។ ក្មេងប្រុសនោះបានចំណាយពេលប្រហែលជា ១ម៉ោង នៅឯស្ថានីយ៍ប៉ូលិស ក្រោយមករូបគេត្រូវបានលោកពូមកទទួលត្រឡប់ទៅវិញ។ សម្រាប់ពេលនេះវាមិនច្បាស់ទេថា តើម្តាយរបស់កុមារានឹងត្រូវបានគេចោទប្រកាន់ពីបទធ្វើទារុនកម្មលើកូនប្រុស ឬយ៉ាងណានោះទេ៕



អត្ថបទ៖ លីដា
ប្រភព៖ worldofbuzz