តើរូបពុទ្ធបដិមា ដែលយើងបានឃើញនៅក្នុងប្រាសាទអង្គរវត្ត បន្សល់នៅតាំងពីពេលណាមក?
- March 22, 2019
សព្វថ្ងៃនេះមានរូបពុទ្ធបដិមាជាច្រើនបានបន្សល់នៅក្នុងជាន់ទី២នៃប្រាសាទអង្គរវត្ត ដែលនាពេលបច្ចុប្បន្ននេះ រូបបដិមាទាំងអស់ត្រូវបានគោរពបូជាដោយប្រជាជនខ្មែរយើង និងពុទ្ធសាសានិកទាំងអស់មិនថាខ្មែរ ឬបរទេសនោះទេ នៅពេលដែលពួកគេចូលទៅទស្សនាប្រាសាទអង្គរវត្ត។ យើងដឹងហើយថាប្រាសាទអង្គរវត្តគឺជាប្រាសាទរាជរបស់ព្រះបាទសូរ្យវរ្ម័នទី២ សំរាប់ឧទ្ទិសដល់ព្រះឥសូរ នៅក្នុងសាសនាហិនឌូ តែហេតុអ្វីបានជាមានរូបព្រះពុទ្ធនៅក្នុងក្នុងប្រាសាទហិនឌូទៅវិញ?
បើតាមការបកស្រាយរបស់អ្នកនាំភ្ញៀវនៅក្នុងប្រាសាទនេះ បានអោយដឹងថា រូបបដិមាទាំងអស់នោះមិនមែនជារូបមកពីសតវត្យទី ១២នោះទេ គឺភាគច្រើនត្រូវបានយកមកតំកល់នៅក្នុងសតវត្យទី១៦ ឬក្រោយៗទៀត ព្រោះពេលនោះប្រជាជនខ្មែរយើងបានផ្លាស់ប្តូរសាសនាពី ហិនឌូ ទៅជាសាសនាព្រះពុទ្ធបែបហិនយាន ក្រោមការគ្រប់គ្រងរបស់ព្រះបាទអង្គចន្ទរាជា។
ហើយពីមុនយើងហៅជាន់ទីពីរនៃប្រាសាទអង្គរវត្តថា ”ប្រាសាទព្រះរយព្រះពាន់” ព្រោះនៅជាន់ទី២នៃប្រាសាទបានតំកល់រូបព្រះពុទ្ធរាប់រយរាប់ពាន់រូប។ ប៉ុន្តែសព្វថ្ងៃនេះរូបមួយចំនួនត្រូវបានបំផ្លាញនៅក្នុងសម័យសង្គ្រាម ហើយរូបខ្លះទៀតត្រូវបានលួចដោយជនទុច្ចរិតមួយចំនួន ដើម្បីយកទៅលក់ ហើយរូបខ្លះខាងអាជ្ញាធរបានយកទៅតំកល់នៅក្នុងសារៈមន្ទីជាតិ។
គួររំលឹកបន្ថែមផងដែរថា ប្រាសាទអង្គរវត្តគឹជាប្រាសាទដែលធំជាងគេបង្អស់នៅក្នុងតំបន់អង្គរ និងជាប្រាសាទសាសនាដែលធំជាងគេបង្អស់នៅក្នុងពិភពលោក ដែលមានអាយុប្រហែល៩០០ឆ្នាំ និងកសាងនៅក្នុងឆ្នាំ ១១១៣។ ជាចុងក្រោយ ក្រុមការងារខ្មែរណូតនឹងខិតខំរកព័ត៌មានបន្ថែមដើម្បីផ្តល់ជាចំណេះដឹង និងការយល់ដឹងបន្ថែមដល់ប្រជាជនខ្មែរយើង៕

អត្ថបទ៖ សុគុណា
- Share This Post:











