ផ្សារដែកធ្លាក់កម្ទេចធូបផ្សារ បង្កជាអគ្គិភ័យឆាបឆេះផ្ទះមួយកន្លែងអស់ទាំងស្រុង នៅខណ្ឌមានជ័យ
- December 2, 2023
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ មានករណីអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ៨និង៤០នាទី ដែលស្ថិតនៅចំណុចផ្លូវ៣៥បេតេ ក្រុម០៧ ភូមិក្បាលទំនប់៣ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាល និងជាស្នងការនគរបាលរាជធានីភ្នំពេញ លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៤គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៣ឡាន ស្មើរនឹង១២ម៉ែត្រគូប, រថយន្តជំនួយមកពីក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០១គ្រឿង ស្មើរនឹង០៦ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ (៥ម៉ែត្រ គុណ ១២ម៉ែត្រ) បានបណ្តាលឲ្យឆេះជាន់ឡៅតឿចំនួន ០១បន្ទប់, សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃក្នុងបន្ទប់អស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញរបស់យើងបានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ៩និង៣០នាទីព្រឹកថ្ងៃទីខែឆ្នាំដដែរ។ ដោយក្នុងហេតុការណ៍នេះ គឺបានបណ្តាលឲ្យបុរសម្នាក់រងរបួសស្រាល រីឯមូលហេតុគឺបណ្តាលមកពីជាងផ្សារដែកធ្លាក់កម្ទេចធូបផ្សារបង្កជាអគ្គិភ័យ៕












ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ
·
- Share This Post:






