ព័ត៌មានជាតិ

អាជ្ញាធរអគ្គិសនីកម្ពុជា ប្រកាសពីការបញ្ចុះថ្លៃអគ្គិសនីរយៈពេល ៣ខែ ចំពោះអ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យទេសចរណ៍ ដែលភ្ជាប់ពីខ្សែបណ្តាញចែកចាយប្រភពពីបណ្តាញជាតិ

BY
Khmernote Media
December 5, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ អាជ្ញាធរអគ្គិសនីកម្ពុជា បានចេញសេចក្ដីជូនដំណឹង ស្តីពីការបញ្ចុះថ្លៃអគ្គីសនី ចំពោះអ្នកប្រើប្រាស់អគ្គិសនីក្នុងវិស័យទេសចរណ៍ក្នុងក្របខណ្ឌទូទាំងប្រទេស ដែលភ្ជាប់ពីខ្សែបណ្តាញចែកចាយប្រភពពីបណ្តាញជាតិ ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤។

អាជ្ញាធរអគ្គិសនីកម្ពុជា សូមជម្រាបជូនថា រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា អនុវត្តការអនុគ្រោះថ្លៃលក់អគ្គិសនីសម្រាប់បរិមាណ អគ្គិសនីដែលប្រើប្រាស់លើសពីមធ្យមភាគក្នុងរយៈពេល ៣ខែ (ពីខែធ្នូ ឆ្នាំ២០២៣ ដល់ខែកុម្ភៈ ឆ្នាំ២០២៤) ដើម្បីជម្រុញឱ្យអ្នកធ្វើអាជីវកម្មក្នុងវិស័យទេសចរណ៍នៅក្នុងរដូវចុងឆ្នាំ២០២៣ និងដើមឆ្នាំ២០២៤ ។

ដូច្នេះ ក្រសួងរ៉ែ និងថាមពល, អាជ្ញាធរអគ្គិសនីកម្ពុជា និងអគ្គិសនីកម្ពុជា នឹងបញ្ចុះថ្លៃអគ្គិសនី ១៥% ចំពោះបរិមាណថាមពលដែលប្រើលើសពីការប្រើមធ្យមក្នុងរយៈពេល ៦ខែ កន្លងមក របស់អ្នកប្រើប្រាស់ អគ្គិសនីប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍ តាមគោលការណ៍ និង លក្ខខណ្ឌដូចខាងក្រោម៖

១.អ្នកប្រើប្រាស់ប្រភេទពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មបម្រើក្នុងវិស័យទេសចរណ៍
– អ្នកប្រើប្រាស់ធុនតូច ទិញពីខ្សែបណ្តាញចែកចាយ LV សាធារណៈ រួមមាន សណ្ឋាគារ និង ផ្ទះសំណាក់ (មានអត្រាថ្លៃលក់ជារៀល)
– អ្នកប្រើប្រាស់ធុនមធ្យម ទិញតាមនាឡិកាស្ទង់តង់ស្យុងទាប ឬតង់ស្យុងមធ្យម មានអត្រាថ្លៃ លក់ជាដុល្លារ)
– អតិថិជនធុនធំ ទិញពីទ្វារចរន្តតង់ស្យុងមធ្យមនៃអនុស្ថានីយ, និង
– អតិថិជនធុនដុំ ទិញពីខ្សែបណ្តាញតង់ស្យុងខ្ពស់
– លើកលែងតែ អតិថិជនពាណិជ្ជកម្ម អាជីវកម្ម មួយចំនួនដូចជា គ្រឹះស្ថានសិក្សា វិស័យសុខា ភិបាល គ្រឹះស្ថានហិរញ្ញវត្ថុ ក្រុមហ៊ុនធានារ៉ាប់រង ក្រុមហ៊ុនដឹកជញ្ជូន អគាររដ្ឋបាល ជាដើម មិនទទួលបានការបញ្ចុះថ្លៃនេះទេ ។

២. លក្ខខណ្ឌដែលត្រូវបញ្ចុះថ្លៃ
– បញ្ចុះថ្លៃអគ្គិសនី ១៥% សម្រាប់បរិមាណថាមពលអគ្គិសនីប្រើប្រចាំខែដែលលើសពីមធ្យម ភាគក្នុងរយៈពេល ៦ (ប្រាំមួយ) ខែ កន្លងមក ក្នុងលក្ខខណ្ឌធម្មតា
– ការបញ្ចុះថ្លៃនេះ ចំពោះតែបរិមាណថាមពលអគ្គិសនី (kWh) ដែលប្រើលើស ប៉ុណ្ណោះ ។

៣. រយៈពេលដែលត្រូវបញ្ចុះថ្លៃ
– ចំពោះថាមពលដែលប្រើនៅខែធ្នូ ឆ្នាំ២០២៣ ដល់ ខែកុម្ភៈ ឆ្នាំ២០២៤
– រយៈពេលនេះអាចបន្ថែមទៀត អាស្រ័យលើលទ្ធភាពហិរញ្ញវត្ថុរបស់អគ្គិសនីកម្ពុជា ៕

ប្រភព៖ អាជ្ញាធរអគ្គិសនីកម្ពុជា

Share This Post: