លោកចោរឃើញជនរងគ្រោះគ្មានសល់លុយអ្វី ១សេន ក្នុងគណនី ក៏យកលុយមកឱ្យនាងវិញព្រោះអាណិត
លោកចោរម្នាក់បានទទួលការកោតសរសើរពីអ្នកលេងបណ្តាញអ៊ីនធឺរណែត ដោយសារតែគាត់យកប្រាក់ដែលជំរិតបានពីជនរងគ្រោះទៅឱ្យនាងវិញ បន្ទាប់ពីឃើញគណនីធនាគាររបស់នាងអស់រលីង សល់តែ 0 យ័ន។ ក្នុងវីដេអូកាមេរ៉ាឃ្លាំមើលពីធនាគារ ICBC នៅទីក្រុងហឺយាន ខេត្តក្វាងទុង បានបង្ហាញថា នារីម្នាក់នាមត្រកូល លី បានកំពុងដកប្រាក់ពីម៉ាស៊ីន ATM ខណៈបុរសមិនស្គាល់អត្តសញ្ញាណម្នាក់បានមកក្រោយនាង និងភ្ជង់នាងដោយកាំបិត។
ដោយមានការភ័យខ្លាចនាង លី បានប្រគល់ប្រាក់ចំនួន ២,៥០០យ័ន (ប្រហែល ៣៧០ដុល្លារអាមេរិក) ទៅឱ្យលោកចោរ ប៉ុន្តែលោកចោរចង់បានច្រើនជាងនេះ ហើយទាមទារមើលគណនីធនាគាររបស់នាងនៅលើម៉ាស៊ីន ATM ។ បន្ទាប់ពីបានឃើញថា នាងមិនមានសល់ប្រាក់នៅក្នុងគណនីធនាគារហើយនោះ លោកចោរបានយកប្រាក់មកឱ្យនាងវិញ ថែមទាំងបន្សល់នូវស្នាមញញឹមមុននឹងចាកចេញទៀតផង។ ជាអកុសលសម្រាប់លោកចោរ ភាពសប្បុរសធម៌របស់គាត់មិនបានសង្គ្រោះគាត់ពីដៃប៉ូលិសបាននោះទេ ប៉ុន្មានម៉ោងក្រោយមកគាត់ត្រូវបានគេចាប់យកទៅឃុំឃាំង៕



អត្ថបទ៖ លីដា
ប្រភព៖ nextshark