ថៃនឹងមិនហាមឃាត់ការហោះហើរយន្តហោះ Boeing 737 MAX 8 ដូចប្រទេសដទៃនោះទេ
យោងតាមប្រភព bangkokpost បានឱ្យដឹងថា ថៃនឹងមិនហាមឃាត់ការហោះហើរយន្តហោះ Boeing នោះទេ ខណៈប្រទេសជាច្រើនដូចជា៖ ឥណ្ឌូណេស៊ី ចិន សឹង្ហបុរី … កំពុងបានហាមឃាត់ការហោះហើររបស់ Boeing ម៉ូដែល 737 MAX 8 នេះ។ ក្នុងរយៈពេលត្រឹមតែ ៥ខែ ម៉ូដែលចុងក្រោយរបស់ Boeing បានធ្វើឱ្យមានឧបទ្ទវហេតុដល់ទៅ ២ករណី។ កាលពី ខែតុលា ឆ្នាំ២០១៨ យន្តហោះ Boeing របស់ក្រុមហ៊ុន Lion Air បានធ្លាក់ និងសម្លាប់អ្នកដំណើរទាំងអស់ ១៨៩នាក់ ហើយកាលពីថ្ងៃអាទិត្យថ្មីៗនេះ ជើងហោះហើររបស់អេត្យូពីក៏បានធ្លាក់ ៦នាទី បន្ទាប់ពីចាកចេញពីព្រលាន និងសម្លាប់អ្នកដំណើរទាំងអស់ ១៥៧នាក់។
លោក Chula Sukmanop អគ្គនាយកអាជ្ញាធរអាកាសចរណ៍ស៊ីវិលថៃ (CAAT) បាននិយាយថា វាមិនចាំបាច់មានបញ្ជាបែបនេះទេ។ លោកក៏បានរិះគន់ចំពោះការសម្រេចចិត្តរបស់ប្រទេសចិនដែលជាប្រទេសដំបូង លើការហាមឃាត់យន្តហោះម៉ូដែល 737 MAX 8 ទាំងអស់។ លោកបានមានប្រសាសន៍ថា៖ «វាអាស្រ័យលើនិយតកររបស់ប្រទេសនីមួយៗ» ខណៈ Thai Lion Air កំពុងដំណើរការ 737 MAX ចំនួន ៣គ្រឿង។ គួរឱ្យដឹងផងដែរថា ជាការពិតអ្នកបើកយន្តហោះរបស់ជើងហោះហើរអេត្យូពីដែលទើបនឹងធ្លាក់នេះ ក៏បានសុំបកក្រោយចុះចតទៅព្រលានវិញដែរ ប៉ុន្តែវាហួសពេលទៅហើយ៕

អត្ថបទ៖ លីដា
ប្រភព៖ bangkokpost