ប្រជាពលរដ្ឋច្រើនកុះករ មកទទួលការពិនិត្យព្យាបាលជំងឺ ដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង នៅមន្ទីរពេទ្យបង្អែកខេត្តក្រចេះ
- December 7, 2023
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខេត្ដក្រចេះ បានឱ្យដឹងថា នៅថ្ងៃពុធ ៩រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ ក្រុមគ្រូពេទ្យឯកទេសជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា ដែលដឹកនាំសម្របសម្រួលដោយឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន តំណាងរាស្ត្រមណ្ឌលក្រចេះ បានសហការជាមួយមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ចុះមកពិនិត្យព្យាបាលជម្ងឺឥតគិតថ្លៃជូនប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី០៥ ដល់ទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដោយពិនិត្យ និងព្យាបាលទៅលើជម្ងឺដូចជា៖ ជម្ងឺទូទៅ ជម្ងឺកុមារ ជម្ងឺសរសៃ និងសាច់ដុំ ពិនិត្យវាស់ភ្នែក និងការចែកវ៉ែនតាជាដើម។

តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យបានឲ្យដឹងថា ជានិច្ចកាលក្រុមគ្រូពេទ្យជនជាតិបារាំង នៃអង្គការសាមគ្គីធម៌ប្រឺតាញកម្ពុជា តែងតែចុះមកពិនិត្យនិងព្យាបាលជម្ងឺដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋនៅខេត្តក្រចេះ មិនថានៅតំបន់ទីប្រជុំជន ឬតំបន់ដាច់ស្រយាលនោះទេ តបតាមការស្នើសុំនិងសម្របសម្រួលពីឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន ដើម្បីជួយសម្រួលដល់ការព្យាបាល និងការចំណាយបង់ថ្លៃលើសេវាព្យាបាល សំដៅលើកកម្ពស់ផ្នែកសុខមាលភាពនៅខេត្តក្រចេះ ក៏ដូចជានៅប្រទេសកម្ពុជា។
ក្នុងនោះដែរ លោកស្រីក៏សំណូមពរដល់បងប្អូន សូមចូលរួមរក្សាសណ្តាប់ធ្នាប់ និងអនាម័យ និងសូមយោគយល់អធ្យាស្រ័យចំពោះការផ្តល់ទទួលស្វាគមន៍មិនបានដិតដល់ ដោយចំនួនបងប្អូនមកចូលរួមពិនិត្យមានចំនួនច្រើន ហើយការផ្តល់លេខរៀងមានកំណត់ ទៅតាមកម្រិតនៃសកម្មភាពពិនិត្យរបស់ក្រុមគ្រូពេទ្យ ៕













ប្រភព៖ រដ្ឋបាលខេត្ដក្រចេះ
- Share This Post:






