ព័ត៌មានជាតិ

ជនជាតិវៀតណាម ៣នាក់ បើករ៉ឺម៉កដឹកកូនឈើពីវៀតណាមយកមកលក់ ដោយខុសច្បាប់ ក្នុងប្រទេសកម្ពុជា ត្រូវបានកម្លាំងសមត្ថកិច្ចក្រុងតាខ្មៅ ឃាត់ខ្លួន

BY
Khmernote Media
December 8, 2023

ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា នាល្ងាចថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ ២០២៣ ដោយទទួលបានបទបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គនាយក និងមានការចង្អុលបង្ហាញរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ប្រធាននាយកដ្ឋាន លោកស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ កម្លាំងជំនាញ នៃការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានសហការជាមួយកម្លាំង ផ្នែកអន្តោប្រវេសន៍ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានចុះទៅធ្វើការសាកសួរ និងឃាត់ខ្លួនជនជាតិវៀតណាម ចំនួន ៣នាក់។

ជនជាតិវៀតណាម ៣នាក់ខាងលើ បានបើករ៉ឺម៉កដឹកកូនឈើ ពីប្រទេសវៀតណាមយកមកលក់នៅតាមផ្លូវ 21B ក្បែរហ្គារ៉ាសសាំងមួយកន្លែង ដោយមិនមានឯកសារ ឬលិខិតឆ្លងដែន ត្រឹមត្រូវ បានឆ្លងដែនដោយខុសច្បាប់ចូលមកលក់ដូរក្នុងប្រទេសកម្ពុជា។

សមត្ថកិច្ចក៏បានឲ្យដឹងដែរថា ជនជាតិវៀតណាមខាងលើមានឈ្មោះ ១. ឈ្មោះ NGUYÉN VAN TRI ភេទប្រុស អាយុ៤១ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណវៀតណាម លិខិតឆ្លងដែន (គ្មាន) ២. ឈ្មោះ TRÂN HÂI DÂNG ភេទប្រុស អាយុ ៣៧ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណវៀតណាម លិខិតឆ្លងដែន (គ្មាន) និង ៣. ឈ្មោះ NGUYÉN VÃN GIĀU ភេទប្រុស អាយុ៣៧ឆ្នាំ កាន់អត្តសញ្ញាណប័ណ្ណវៀតណាម លិខិតឆ្លងដែន (គ្មាន )។

បច្ចុប្បន្ន ជនជាតិវៀតណាមទាំង៣នាក់ខាងលើ កំពុងស្នើគោលការណ៍បញ្ជូនទៅកាន់នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕

ប្រភព៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ – General Department of Immigration – GDI

Share This Post: