ឡាច ណុច អតីតបេក្ខជនប្រឡងចម្រៀង Cambodian Idol ត្រូវអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីឆក់ខ្សែ-ក
- December 8, 2023
រាជធានីភ្នំពេញ៖ ឡាច ណុច អតីតបេក្ខជននៅក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ពិភពលោក Cambodian Idol រដូវកាលទី៤ ដែលជាបេក្ខជនមួយរូប មានប្រជាប្រិយភាពផងដែរនោះ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ បន្ទាប់ពីបានធ្វើសកម្មភាពឆក់ខ្សែ-ក នៅចំណុចផ្លូវលេខ១៩៩ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពី កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឱ្យដឹងថា កាលពីវេលាម៉ោង ២០និង១៥ នាទី ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ មានករណីលួចដោយហិង្សាមានស្ថានទម្ងន់ទោស (ឆក់ខ្សែ-ក) មួយកើតឡើង នៅចំណុចផ្លូវលេខ១៩៩ កែង៣៣៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង ខណៈដែលជនរងគ្រោះកំពុងធ្វើដំណើរតាមផ្លូវ ស្រាប់តែត្រូវបានជនសង្ស័យជិះមកជិត ហើយធ្វើសកម្មភាពឆក់យកខ្សែ-ក បម្រុងជិះគេចខ្លួន ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងទៀតបណ្ដាលឲ្យដួល បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ចុះអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗតែម្តង និងចាប់យកវត្ថុតាងខ្សែក ០១ខ្សែ ប្រគល់ជូនជនរងគ្រោះវិញផងដែរ។
ជនសង្ស័យឈ្មោះ ឡាច ណុច ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ អ្នកចម្រៀងតាមភោជនីយដ្ឋាន បានសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព ឆក់ខ្សែកពីជនរងគ្រោះ នៅចំណុចខាងលើ ពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕






ប្រភព៖ Phnom Penh Gendarmerie
- Share This Post:






