អបអរសាទរ! សិស្សជាប់និទ្ទេសA ចំនួន៣នាក់ នៅខេត្តកោះកុង នឹងទទួលបានថវិកាចំនួន ៤លានរៀល ពីលោកជំទាវ មិថុនា ភូថង និងម៉ូតូម្នាក់ ១គ្រឿង ដែលជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់
- December 9, 2023
ខេត្តកោះកុង៖ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ម្សិលមិញនេះ យោងតាមគណនីហ្វេប៊ុកផ្ទាល់របស់ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង បានប្រកាសផ្ដល់ថវិកាលើកទឹកចិត្តចំនួន ៤លានរៀល ជូនដល់សិស្សជាប់និទ្ទេស A ចំនួន ៣នាក់ និងម៉ូតូម្នាក់ ០១គ្រឿង ដែលជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់។

តាមរយៈការបង្ហោះរបស់ លោកជំទាវ មិថុនា ភូថង បានមានខ្លឹមបញ្ជាក់យ៉ាងដូច្នេះថា៖ «រដ្ឋបាលខេត្តកោះកុង សូមជម្រាបជូនសិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅខេត្តកោះកុង ដែលទទួលបាននិទ្ទេស A ចំនួន៣នាក់ ដែលរដ្ឋបាលខេត្ត បានទំនាក់ទំនងជូនដំណឹងផ្ទាល់ដល់ឪពុកម្តាយ និងសិស្សនិទ្ទេសAទាំង៣នាក់រួចហើយកាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។»
លោកជំទាវ មិថុនា ភូថង បានបន្ថែមថា៖ « សូមអញ្ជើញមកទទួលថវិកាលើកទឹកចិត្តចំនួន ៤លានរៀល ជូនសិស្សនិទ្ទេសAម្នាក់ៗ ដែលជាប្រាក់ឧបត្ថម្ភផ្ទាល់ដោយលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង និងម៉ូតូម្នាក់០១គ្រឿង ដែលជាអំណោយរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបត្ថម្ភដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប(Royal Group)នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង៩៖០០នាទីព្រឹក នៅសាលាខេត្តកោះកុង៕ »

- Share This Post:






