រដ្ឋបាលខណ្ឌទួលគោក ស្នើឱ្យម្ចាស់អាជីវកម្មលក់ដូរទាំងអស់ នៅបរិវេណជុំវិញមន្ទីរពេទ្យកុមារជាតិ ត្រូវរុះរើចេញដោយទុករយៈពេល ៧ថ្ងៃ
- December 12, 2023
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលខណ្ឌទួលគោក បានចេញសេចក្ដីជូនដំណឹងដល់ម្ចាស់អាជីវកម្មលក់ដូរគ្រប់ប្រភេទ នៅលើចិញ្ចើមផ្លូវអមសង្ខាងផ្លូវ បរិវេណជុំវិញមន្ទីរពេទ្យកុមារជាតិ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោកទាំងអស់ ត្រូវរុះរើចេញ ដើម្បីចូលរួមរក្សាសណ្ដាប់ធ្នាប់បរិស្ថានអនាម័យ និងកាត់បន្ថយការកក់ស្ទះ។

ដើម្បីចូលរួមសហការរក្សាសណ្តាប់ធ្នាប់តាមដងផ្លូវ និងការប្រើប្រាស់ចិញ្ចើមផ្លូវសាធារណៈ ឱ្យមានរបៀបរៀបរយ ក្នុងន័យដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងលើកកម្ពស់សោភ័ណភាពរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌទួលគោក ស្នើសុំឱ្យលោក លោកស្រី ម្ចាស់អាជីវកម្មទាំងអស់ខាងលើ បញ្ឈប់ជាបន្ទាន់ក្នុងការប្រកបអាជីវកម្ម លក់ដូរគ្រប់ប្រភេទរំលោភលើចិញ្ចើមផ្លូវ និងទ្រូងផ្លូវ ឬតសំយ៉ាបរំលោភលើចិញ្ចើមផ្លូវសាធារណៈ និងត្រូវធ្វើការរុះរើចេញ ដោយទុករយៈពេលឱ្យ០៧ថ្ងៃ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
ក្នុងករណីលោក លោកស្រី មិនអនុវត្តតាមខ្លឹមសារសេចក្តីជូនដំណឹងនេះ រដ្ឋបាលខណ្ឌទួលគោក នឹងមានវិធានការរដ្ឋបាល ដោយចុះរុះរើនិងដកហូតដោយមិនទទួលខុសត្រូវរាល់ការបាត់បង់ ឬខូចខាតទ្រព្យសម្បត្តិ និងសម្ភារផ្សេងៗ ដែលមាននៅក្នុងទីតាំងនេះឡើយ។ ករណីមានការរារាំង រឹងរូស និងធ្វើការប្រឆាំងតវ៉ាជាមួយអាជ្ញាធរមានសមត្ថកិច្ច ក្នុងការចុះរុះរើ នោះរដ្ឋបាលខណ្ឌទួលគោក នឹងអនុវត្តវិធានការរដ្ឋបាល បើករណីធ្ងន់ធ្ងរ នឹងឈានដល់អនុវត្តវិធានការច្បាប់ ៕






ប្រភព៖ BTV Cambodia
- Share This Post:






