ព័ត៌មានជាតិ

ដំណឹងល្អ! ក្រុមល្បាតជលផល ប្រទះឃើញត្រីបាណន់គីង្គក់ ឬ Whale Shark ជិតផុតពូជមួយក្បាល នៅកោះរ៉ុង

BY
Khmernote Media
December 13, 2023

កោះរ៉ុង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នាថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ក្រុមល្បាតជលផលនិងសហគមន៍នេសាទ បានប្រទះឃើញត្រីបាណន់គីង្គក់ឬ Whale Shark ជិតផុតពូជមួយក្បាល នៅកោះរ៉ុង។

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងរដ្ឋបាលជលផល មានសេចក្ដីសោមនស្សជម្រាបជូនសាធារណជនជ្រាបថា ការប្រទះឃើញនេះ កើតឡើងក្នុងពេលក្រុមការងារជលផលកំពុងចេញល្បាតទប់ស្កាត់បទល្មើស នាវេលាម៉ោង ៥ និង១០នាទីល្ងាច ត្រង់ចំណុចមុខឆ្នេរកូកូណាត់ ក្នុងដែនសហគមន៍នេសាទ ភូមិដើមថ្កូវ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។

ជាទូទៅ ត្រីបាណន់គីង្គក់ ស៊ីកូនបង្គា មឹក និងកូនត្រី មានប្រវែងរហូតដល់៦ម៉ែត្រ និងមានអាយុវែងរហូតដល់ជាង១០០ឆ្នាំ។ ត្រីនេះត្រូវបានចាត់ជាប្រភេទជិតផុតពូជ ដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល លេខ១២៣ អនក្រ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០០៩ និងសៀវភៅក្រហមរបស់ IUCN។ ការចាប់ ការសម្លាប់ ឬការជួញដូរប្រភេទត្រីនេះ ជាអំពើខុសច្បាប់ ហើយអ្នកប្រព្រឹត្តល្មើសត្រូវទទួលទោសតាមច្បាប់ជាធរមាន។

ត្រីបាណន់គីង្គក់ ឬ Whale Shark ដែលជាសត្វកម្រ មានវត្តមាននៅក្នុងដែនទឹកកម្ពុជា តាមរយៈវីដេអូដែលថតបាននាពេលកន្លងមក។ ត្រីបាណន់គីង្គក់ពុំមានចរិតកាចសាហាវ ឬបង្កគ្រោះថ្នាក់ដល់មនុស្សឡើយ។ សូមរួមគ្នាការពារត្រីកម្រនេះ និងធនធានធម្មជាតិដទៃទៀតរបស់កម្ពុជាឱ្យបានគង់វង្ស ៕

ប្រភព៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

Share This Post: