ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ព្រោះតែពាក្យប៉ុន្មានឃ្លានៅលើ Twitter បានធ្វើឱ្យហាងដូណាត់របស់ជនជាតិខ្មែរនៅអាមេរិកម្នាក់នេះ លក់ដាច់ឡើងវិញ

    BY autoadmin March 13, 2019
    ព្រោះតែពាក្យប៉ុន្មានឃ្លានៅលើ Twitter បានធ្វើឱ្យហាងដូណាត់របស់ជនជាតិខ្មែរនៅអាមេរិកម្នាក់នេះ លក់ដាច់ឡើងវិញ

    លោក Satharith By តែងតែងើបឡើងនៅម៉ោង ២ព្រឹក ដើម្បីចាប់ផ្តើមធ្វើនំដូណាត់ ចាប់តាំងពីហាងរបស់គាត់បានបើកនៅសប្តាហ៍មុន ក្នុងទីក្រុងមីសសួរី រដ្ឋតិចសាស់។ ប៉ុន្តែជំនួញនៅហាងលក់ដូណាត់របស់គាត់ឈ្មោះ Billy’s Donuts ក្បែរទីក្រុង Houston មិនសូវមានភ្ញៀវចូលទិញនោះទេ។ ដូច្នេះហើយបានជាលោក Billy By ដែលកូនប្រុស បានបង្ហោះនៅលើ Twitter ថា៖ «ឪពុករបស់ខ្ញុំគឺពិបាកចិត្ត ព្រោះគ្មាននរណាម្នាក់មកហាងនំដូណាត់ថ្មីរបស់គាត់ទេ» ។

    មិនប៉ុន្មានម៉ោងផង tweet របស់គាត់បានទទួលការ retweet រាប់ពាន់ ហើយគិតត្រឹមថ្ងៃចន្ទនេះ គាត់ទទួលបានចំនួន retweet ច្រើនជា ៣០០,០០០ ជាពិសេសមានទាំង៖ តារាអាមេរិកលោក James Woods គណនីក្រុមហ៊ុន Twitter និង YouTuber លោក Casey Neistat ជាមួយនឹងការ Likes ច្រើនជាង ៦០០,០០០។ លោក Billy បាននិយាយថា មូលហេតុដែលគាត tweet រូបភាពលោកពុក និងហាងដូណាត់របស់គាត់ ដោយសារគាត់ចង់ឱ្យហាងមានភ្ញៀវតាមរយៈមិត្តភក្តិដែលលេង Twitter ប៉ុន្តែគាត់មិននឹកស្មានថា Tweet របស់គាត់ទទួលបានការចាប់អារម្មណ៍ច្រើនយ៉ាងនេះទេ។

    NBC បានឱ្យដឹងដែរថា នៅថ្ងៃអាទិត្យនេះពួកគេបានឈានចូល Billy’s Donuts ហើយក៏បានឃើញថា ហាងរបស់ឪពុកលោក Billy គឺមានភ្ញៀវច្រើនឈរតម្រង់ជួរគ្នាទិញ ហើយលោក Billy ក៏បានអរគុណដល់ភ្ញៀវទាំងអស់តាមរយៈ Twitter និងបាន Tweet ថា អរគុណអ្នកទាំងអស់គ្នាដែលបានគាំទ្រដល់ហាងរបស់ពួកយើង ដូណាត់របស់ពួកយើងពេលនេះលក់ចេញអស់ហើយ វាមានន័យខ្លាំងណាស់ចំពោះគ្រួសាររបស់ខ្ញុំ។

    គួរឱ្យដឹងផងដែរថា លោក Satharith By គឺជាជនជាតិខ្មែរ ដែលភៀសខ្លួនផ្លាស់ទៅរស់នៅអាមេរិករយៈពេលប្រហែល ២០ ឬ៣០ ឆ្នាំមកហើយ។ ពួកគេក៏មិនមែនជាអ្នកដែលទើបតែចេះលក់នំដូណាត់ដែរ គាត់ធ្លាប់មានហាងមួយនៅកាលីហ្វញ៉ាភាគខាងត្បូងតាំងពី​ ២០ ឆ្នាំមុន ប៉ុន្តែដោយសារតែភរិយារបស់គាត់ធ្លាក់ខ្លួនឈឺទើបគាត់លកហាងនោះកាលពីប៉ុន្មានឆ្នាំមុន ហើយក៏ទើបនឹងចាប់ផ្តើមម្តងទៀតនៅអាទិត្យមុននេះផ្ទាល់៕

    អត្ថបទ៖ លីដា
    ប្រភព៖ nbcnews

    Share This Post: