ព័ត៌មានជាតិ

រដ្ឋបាលជលផល ហាមឃាត់ការនេសាទដែលប្រើឧបករណ៍ ធ្វើឱ្យរាំងស្ទះការធ្វើចរាចររបស់ត្រី អំឡុងត្រីបន្លាស់ទីចេញពីបឹងទន្លេសាប

BY
Khmernote Media
December 14, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ រដ្ឋបាលជលផល បានចេញសេក្ដីប្រកាស ហាមឃាត់ការនេសាទដែលប្រើឧបករណ៍ ធ្វើឱ្យរាំងស្ទះដល់ការធ្វើចរាចរណ៍របស់ត្រី នៅក្នុងរដូវត្រីបន្លាស់ទីចេញពីបឹងទន្លេសាប ទៅទន្លេមេគង្គលើ។

រដ្ឋបាលជលផល សូមជម្រាបជូនសាធារណជនមេត្តាជ្រាបថា តាមលក្ខណៈជីវសាស្ត្រ ប្រភេទត្រីមួយចំនួនធ្វើចរាចរយ៉ាងគំហុកចេញពីបឹងទន្លេសាប តាមដងទន្លេសាបទៅតំបន់ទន្លេ មេគង្គលើ ដើម្បីស្វែងរកចំណី ទីជម្រក និងបន្តពូជ ចាប់ពីខ្នើត ខែមិគសិរ ត្រូវនឹងខែធ្នូ ខណៈពេលដែលទឹកបឹងទន្លេ សាបហូរចេញក្នុងល្បឿនលឿន។

យោងតាមស្ថានភាពដូចបានជម្រាបជូនខាងលើ រដ្ឋបាលជលផលសូមស្នើបងប្អូនប្រជាពលរដ្ឋ កុំធ្វើនេសាទ ដោយប្រើឧបករណ៍ដែលរាំងស្ទះដល់ការធ្វើចរាចររបស់ត្រី និងសូមអំពាវនាវដល់បងប្អូនប្រជានេសាទ និងអ្នកពាក់ព័ន្ធ ចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ដើម្បីធានានិរន្តរភាពនៃធនធានជលផល ៕

ប្រភព៖ រដ្ឋបាលជលផល Fisheries Administration

Share This Post: