ជប៉ុននឹងបង្ហាញបច្ចេកវិទ្យាថ្មីរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ ដើម្បីស្ដារមុខមាត់ឡើងវិញនៅក្នុងពិភពបច្ចេកវិទ្យា
ដើម្បីទទួលការមកដល់នៃព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ ជប៉ុនបានសន្យាថា នឹងនាំមកនូវបច្ចេកវិទ្យាថ្មីបំផុតរបស់ខ្លួនដូចជា៖ រថយន្តស្វ័យប្រវត្ត មនុស្សយន្តស្ម័គ្រចិត្ត និង អេក្រង់ដ៏ច្បាស់ប្រភេទ ultra high-definition ដើម្បីបង្អួតទៅកាន់ពិភពលោក។ ដូចយើងធ្លាប់បានដឹងរួចមកហើយថា កាលពី ឆ្នាំ១៩៦៤ ជប៉ុនក៏បានសន្យាថា នឹងដាក់បង្ហាញរថភ្លើងល្បឿនលឿនឈ្មោះ Shinkansen ដែលជារថភ្លើងល្បឿនលឿនដំបូងគេបំផុតដែលមានល្បឿន ២១០គីឡូម៉ែត្រ/ម៉ោង។

ជប៉ុនគឺប្រើប្រាស់ការប្រកួតដ៏សំខាន់នេះ ដើម្បីផ្សព្វផ្សាយបច្ចេកវិទ្យារបស់ខ្លួនទៅកាន់ពិភពលោកឱ្យបានស្គាល់កាន់តែច្បាស់ថា ជប៉ុនគឺពិតជាប្រទេសដែលនាំមុខនូវបច្ចេកវិទ្យាទំនើប។ ចាប់តាំងពីកញ្ចក់អេក្រង់ LCD ស្ដើងរបស់ Sharp រហូតដល់ទូរស័ព្ទ Sony Walkman ជប៉ុនគឺពិតជារីករាយក្នុងការបង្ហាញនូវអ្វី ដែលជាកេរ្តិ៍ឈ្មោះគ្មានអ្វីប្រៀបផ្ទឹមបានរបស់ពួកគេនៅក្នុងពិភពបច្ចេកវិទ្យា។
ប៉ុន្តែសម្រាប់សតវត្សរ៍ ទី២១ តំបន់ Silicon Valley គឺកំពុងតែកើនឡើងនូវគូប្រជែងបច្ចេកវិទ្យាដូចជា ចិន និងកូរ៉េខាងត្បូងជាដើម ដែលពួកគេក៏កំពុងវ៉ានាំមុខបច្ចេកវិទ្យារបស់ជប៉ុនមួយចំនួនផងដែរ។ ហើយលោកស្រី Yoko Ishikura ក៏មានប្រសាសន៍ថា៖ «បញ្ហាដ៏ធំមួយគឺយើងគិតថា ពួកយើងមានភាពច្នៃប្រឌិត ប៉ុន្តែនៅពេលដែលយើង (ជប៉ុន) ក្រលេកមើលទៅពិភពលោក យើងមិនមានភាពច្នៃប្រឌិតច្រើនខ្លាំងនោះទេ» «វាគួរឱ្យព្រួយបារម្ភណាស់ ដែលជនជាតិជប៉ុនជាច្រើនមានគំនិតតិចតួច អំពីអ្វីដែលកំពុងកើតឡើងនៅជុំវិញខ្លួន»៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia