តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីចិនបន្តកើនឡើងដល់ ១៣១នាក់ និងរបួសជាង ៧០០នាក់
- BY
- Pheakdey
- December 20, 2023
ចិន៖ ក្រុមអ្នកជួយសង្គ្រោះចិនបានរកឃើញសាកសពពលរដ្ឋដែលបានស្លាប់បាត់បង់ជីវិតក្នុងហេតុការណ៍រញ្ជួយដីនៅភាគខាងជើងប្រទេសចំនួន ២០នាក់បន្ថែមទៀត នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃពុធ ទី២០ ខែធ្នូនេះ។ គិតត្រឹមពេលនេះតួលេខអ្នកស្លាប់មានចំនួន ១៣១នាក់ ខណៈប្រតិបត្តិការណ៍ស្វែងរកជនរងគ្រោះនៅមិនទាន់បិទបញ្ចប់ទាំងស្រុងនៅឡើយទេ។

ប្រភពខាងលើបានបន្តថា ចំពោះអ្នករងរបួសវិញគឺគិតត្រឹមពេលនេះមានចំនួន ៧១០នាក់ ហើយក្នុងនោះក៏មានមួយចំនួនបានរងរបួសកម្រិតធ្ងន់ផងដែរ។ បើតាមអាជ្ញាធរចិនបានបញ្ជាក់ថា គ្រោះរញ្ជួយដីដែលបានកើតឡើងតាំងតែពីយប់ថ្ងៃចន្ទនោះគឺមានកម្រិត ៦,២ រ៉ិចទ័រ និងបានកើតឡើងនៅតាមទីតាំងផ្សេងៗគ្នាជាច្រើនកន្លែង ខណៈតំបន់ Jishishan របស់ខេត្ត Gansu គឺជាកន្លែងដែលទទួលរងគ្រោះថ្នាក់ខ្លាំងជាងគេ ដោយនៅក្នុងតំបន់មួយនេះមានតួលេខអ្នកស្លាប់រហូតដល់ ១១៣នាក់ មានអ្នកផ្ទះចំនួន ១៥៥,៣៩៣កន្លែងត្រូវបានបំផ្លាញ និងមានអ្នករងរបួសចំនួន ៥៣៦នាក់ផងដែរ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






