ថៃរកឃើញករណីឆ្លងមេរោគកូវីដ-១៩បំប្លែងខ្លួនថ្មីមួយប្រភេទជាលើកដំបូង
- BY
- Pheakdey
- December 20, 2023
ថៃ៖ អាជ្ញាធរសុខាភិបាលថៃបានជូនដំណឹងអំពីការរកឃើញករណីឆ្លងជាលើកដំបូងនូវមេរោគនៃជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីមួយប្រភេទ ដែលត្រូវបានគេចាត់ទុកថាជាមេរោគដែលខ្លាំងបំផុតមួយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកងប៉ុស្តិ៍ នៅក្នុងថ្ងៃពុធ ទី២០ ខែធ្នូនេះ។ មេរោគបំប្លែងខ្លួនថ្មីនេះមានឈ្មោះថា JN.1 ដែលជាមេរោគបំប្លែងខ្លួនចេញពីមេរោគកូវីដ-១៩ ប្រភេទអូមេក្រុង។

ប្រភពខាងលើបានបន្តថា ចំណុចខ្លាំងរបស់មេរោគកូវីដ-១៩ ប្រភេទ JN.1 គឺវាពូកែចាប់យកកោសិកាផ្សេងៗ និងអាចគេចខ្លួនចេញពីប្រព័ន្ធការពាររាងកាយក្នុងខ្លួនមនុស្សបាន។ យ៉ាងណាក្តី អ្នកជំងឺទី ១ ដែលបានឆ្លងមេរោគនៃជំងឺកូវីដ-១៩ប្រភេទថ្មីនេះនៅពុំទាន់មានរោគសញ្ញាអ្វីធ្ងន់ធ្ងរគួរឲ្យកត់សម្គាល់នៅឡើយទេ ខណៈអ្នកជំងឺកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកនិងតាមដានយ៉ាងយកចិត្តទុកដាក់បំផុតពីសំណាក់ក្រុមវេជ្ជបណ្ឌិតនៅក្នុងមន្ទីរពេទ្យ Ramathibodi ក្នុងទីក្រុងបាងកក៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកងប៉ុស្តិ៍
- Share This Post:






