ព័ត៌មានជាតិ

សូមថែរក្សាសុខភាព! ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២៤ ខែធ្នូ កម្ពុជានឹងរងឥទ្ធិពលខ្យល់មូសុងបក់ពីបង្គួរទៅខ្លាំង បណ្ដាលឱ្យខេត្តខ្លះចុះត្រជាក់ដល់ ១៥អង្សាសេ

BY
Khmernote Media
December 21, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣។

ក្រសួងធនធានទឹក​ បានឱ្យដឹងថា ប្រព័ន្ធនៃសម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលជាលំដាប់គ្របដណ្តប់លើប្រទេសកម្ពុជា ជាមួយនឹងខ្យល់មូសុងឦសានបក់ពីបង្គួរទៅខ្លាំង។ ស្ថានភាពបែបនេះធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ ធាតុអាកាសចុះត្រជាក់នៅពេលព្រឹក៖

១-តំបន់វាលទំនាប៖
⁃ សីតុណ្ហភាពអប្បបរមាពី១៦-២២°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៥-៧ម៉ែត្រ/វិនាទី
⁃ខេត្តប៉ៃលិន បន្ទាយមានជ័យ បាត់ដំបង និងខេត្តសៀមរាប សីតុណ្ហភាពអប្បបរមាពី១៦-១៨°C។

២-តំបន់ខ្ពង់រាប៖
⁃ សីតុណ្ហភាពអប្បបរមាពី១៥-២១°C និងសីតុណ្ហភាពអតិបរមាពី២៨-៣០°C ហើយខ្យល់បក់មកពីទិសឦសាន ក្នុងល្បឿនពី៦-៨ម៉ែត្រ/វិនាទី
⁃ខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី១៥-១៧°C។

៣-តំបន់មាត់សមុទ្រ៖
⁃ សីតុណ្ហភាពអប្បបរមាពី២១-២៣°C និងសីតុណ្ហភាពអតិបរមាពី៣០-៣២°C ហើយខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី១-២ម៉ែត្រ/វិនាទី
⁃ រលកសមុទ្រមានកម្ពស់ពី១,០០-២,០០ម៉ែត្រ។

អាស្រ័យពីស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ថែរក្សាសុខភាព ស្លៀកសម្លៀកបំពាក់ឱ្យបានគត់មត់ ដើម្បីបង្ការពីជំងឺដង្កាត់នានា ដែលអាចកើតមានឡើងជាយថាហេតុ៕

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

Share This Post: