ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យអនុវត្តនៅនឹងកន្លែងភ្លាមៗ ក្នុងករណីអ្នកបើកបរ បង្កគ្រោះថ្នាក់បាត់បង់ជីវិតអ្នកដទៃ ត្រូវវាយខ្នោះបើមានការតវ៉ាអាងខ្នងដោយមិនចាំបាច់សុំគោលការពីថ្នាក់លើឡើយ

BY
Khmernote Media
December 21, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញបញ្ជាឲ្យអនុវត្តនៅនឹងកន្លែងភ្លាមៗ ក្នុងករណីអ្នកបើកបរទាំងឡាណា បង្កឱ្យមានគ្រោះថ្នាក់ ឬបាត់បង់ជីវិតអ្នកដទៃ ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍ ត្រូវចាប់ និងត្រូវវ៉ៃខ្នោះភ្លាមបើមានការតវ៉ារ ឬអាងខ្នងដោយមិនចាំបាច់សុំគោលការពីថ្នាក់លើឡើយ។

ថ្លៃងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីភាព ​បិទ​សន្និ​បាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន។ សម្តេចធិបតី ហ៊ុ​ន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «ខ្ញុំសូមចេញបទបញ្ជា ប្រសិនបើមានបទល្មើសជាក់ស្ដែង ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បុកមនុស្ស បាត់បង់ជីវិត មិនបាច់សុំគោលការណ៍ទេ គឺចាប់ និងឃាត់ខ្លួន ហើយបើជនបង្កតវ៉ា វាយខ្នោះតែម្ដងទៅ ហើយកូនប៉ូលិសធ្វើការចុះ មិនបាច់សុំទៅស្នងការទេ ចាប់ចុះក្នុងការអនុវត្តច្បាប់។

សម្តេចធិបតី ហ៊ុ​ន ម៉ាណែត បានបន្តទៀតថា៖ « ខ្ញុំសូមប្រាប់ទៅបងប្អូនប៉ូលិសរបស់យើង ឬមួយអាវុធហត្ថអនុវត្តច្បាប់ក្នុងបទល្មើសជាក់ស្ដែង បើបងប្អូនអនុវត្តត្រឹមត្រូវ សូមអនុវត្តចុះ ហើយខ្នងបងប្អូនគឺជានាយករដ្ឋមន្ត្រី។ សម្តេចធិបតី បានបញ្ជាក់ថា ក្នុងករណីអ្នកដែលអនុវត្តច្បាប់ត្រឹមត្រូវ បែរជាត្រូវបានមេរបស់ខ្លួនដកបញ្ឈរជើង ប្រាប់សម្តេច សម្តេចនឹងតំឡើងស័ក្កជូន ហើយនឹងចាត់វិធានការលើប្រធានអង្គភាព ដែលដាក់ទណ្ឌកម្មលើអ្នកដែលអនុវត្តត្រឹមត្រូវតាមច្បាប់ផងដែរ។»

សម្តេចធិបតី ហ៊ុ​ន ម៉ាណែត បានបន្ថែមថា៖ «បើមានភស្ដុតាងផឹកស្រវឹងបុកគេប៉ុណ្ណោះហើយ ឃាត់ខ្លួនយកទៅ ចាំបាច់សុំច្បាប់អីទៀត វត្ថុតាង និងសាក្សី នៅហ្នឹងហើយ ហើយបើនរណាសួរថា ម៉េចបានហ៊ានចាប់គេ គេខ្នងប៉ុណ្ណា សូមប៉ូលិសប្រាប់ទៅថា “ខ្នងខ្ញុំគឺនាយករដ្ឋមន្រ្តី”»។

សូមបញ្ជាក់ថា ការចេញបញ្ជារបស់ សម្តេច ធ្វើឡើងបន្ទាប់ពីកាលថ្មីៗមានករណីយុវជនម្នាក់ ព្រហ្ម វិចិត្រសុសក្ដា អាយុ២៣ឆ្នាំ ដែលបើករថយន្ដ Jeep overland ត្រូវបានព្រះរាជអាជ្ញា ចេញដីកាបញ្ជាឲ្យតាមចាប់ខ្លួន ក្រោយបុកជនរងគ្រោះជាមន្រ្តីរាជការម្នាក់ បាត់បង់ជីវិត នៅខណ្ឌទួលគោក កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ហើយបានរត់គេចខ្លួនមិនទទួលខុសត្រូវ ៕

Share This Post: