ព័ត៌មានជាតិ

សម្តេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យរដ្ឋមន្រ្តីក្រសួងធម្មការ ពិនិត្យលើសកម្មភាពរបស់បុគ្គលមួយចំនួន ដែលគ្មានមូលដ្ឋានច្បាស់លាស់

BY
Khmernote Media
December 22, 2023

រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានឱ្យដឹងថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា សម្រាប់សម្តេច សាសនាគឺត្រូវតែគោរពតែការគោរពក៏ត្រូវតែមានព្រំដែនហើយគោរពត្រូវតែមានមូលដ្ឋានច្បាស់លាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រាប់ឱ្យរដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា និងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ដោះស្រាយបញ្ហាដែលបុគ្គលមួយចំនួនយកសាសនាធ្វើជាខែលក្នុងគោលបំណងណាមួយឬក្នុងគោលបំណងធ្វើអាជីវកម្ម។ សម្តេច បានឲ្យឯកឧត្តម ចាយ បូរិន ដោះស្រាយបញ្ហានេះឱ្យបានព្រោះថាបើបណ្តែតបណ្តោយវានឹងប៉ះពាល់ដល់សាសនា និងបំពុលសង្គមផងដែរ។

សម្តេចបានបន្តថា សម្រាប់សម្តេច សាសនា គឺត្រូវតែគោរព តែការគោរពក៏ត្រូវតែមានព្រំដែន ហើយគោរពត្រូវតែមានមូលដ្ឋានច្បាស់លាស់ ដូច្នេះក្រសួងពាក់ព័ន្ធត្រូវធ្វើការងារនេះដើម្បីការពារគុណតម្លៃរបស់សាសនា។ សម្តេចធិបតី ហ៊ុន ម៉ាណែត លើកឡើងថា មួយរយៈនេះសម្តេចបានសង្កេតឃើញថាមានបុគ្គលមួយចំនួនបានយកស្បង់របស់ព្រះសង្ឃទៅគ្រងតាំងខ្លួនជាបុគ្គលបែបនេះបែបនោះ ខ្លះទៅរាំដើម្បីឱ្យប្រជាពលរដ្ឋជឿ។ សម្តេចអះអាងថាសម្តេចចង់ពុលនឹងការផ្សព្វផ្សាយពីបុគ្គលតាំងខ្លួនជាអ្នកខ្លាំងពូកែទាំងនេះដែរ។

សម្តេចបានថ្លែងចំៗទៅលើបុគ្គលម្នាក់ដែលតាំងខ្លួនជាគ្រូសិល្ប៍ចេះច្រើនភាសា ដោយសម្តេចបញ្ជាក់ថា សម្តេចស្តាប់អត់យល់ហើយប្រហែលមានតែឯកឧត្តម ចាយ បូរិន ទើបអាចស្តាប់យល់។ បើតាមសម្តេច ការផ្សព្វផ្សាយបែបណាគឺជាសិទ្ធិបុគ្គលរបស់ពួកគេប៉ុន្តែត្រូវផ្សព្វផ្សាយនៅក្នុងផ្ទះរបស់ពួកគេ។ ក្នុងករណីបើសិនផ្សព្វផ្សាយជាសាធារណៈដើម្បីឱ្យប្រជាពលរដ្ឋជឿនោះគឺត្រូវដោះស្រាយព្រោះវាដើរហួសពីសិទ្ធិបុគ្គលហើយត្រង់ចំណុចនេះសម្តេចបានប្រាប់ឲ្យឯកឧត្តម កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ត្រូវពិនិត្យលើបញ្ហានេះ៕

ប្រភព៖ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា – AKP

Share This Post: