វៀតណាមអនុវត្តយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំ ចាប់ខ្លួនបានអនុរដ្ឋមន្ត្រីម្នាក់ ខណៈមន្ត្រីរាប់រយនាក់ផ្សេងទៀតកំពុងស្ថិតក្រោមការស៊ើបអង្កេត
- BY
- Pheakdey
- December 22, 2023
វៀតណាម៖ ប៉ូលិសវៀតណាមបានចាប់ខ្លួនអនុរដ្ឋមន្ត្រីម្នាក់ពីបទស៊ីសំណូក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ កាលពីយប់ថ្ងៃព្រហស្បតិ៍ ទី២១ ខែធ្នូនេះ។ មន្ត្រីជាន់ខ្ពស់រូបនេះមានឈ្មោះថា Do Thang Hai មានអាយុ ៦០ឆ្នាំ ហើយមុនពេលចាប់ខ្លួនគឺរូបគាត់ធ្លាប់បានបម្រើការងារជាអនុរដ្ឋមន្ត្រីនៃក្រសួងឧស្សាហកម្មនិងពាណិជ្ជកម្មរបស់រដ្ឋាភិបាលវៀតណាម។
លោក Do Thang Hai
បើតាមក្រសួងសន្តិសុខជាតិវៀតណាមបានរកឃើញថា លោក Do Thang Hai បានទទួលការសូកប៉ាន់ជាប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ពីសំណាក់ក្រុមហ៊ុនប្រេងមួយកន្លែងនៅភាគខាងត្បូងប្រទេសជាថ្នូរនឹងការអនុញ្ញាតឲ្យក្រុមហ៊ុននោះធ្វើអាជីវកម្មដោយខុសច្បាប់ជាច្រើនករណី។ សូមបញ្ជាក់ជូនថា ការចាប់ខ្លួនអនុរដ្ឋមន្ត្រីខាងលើនេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលដែលបក្សកុម្មុយនិស្តវៀតណាមអនុវត្តយុទ្ធនាការប្រឆាំងអំពើពុករលួយទ្រង់ទ្រាយធំនៅក្នុងជួររដ្ឋាភិបាលទាំងមូល ហើយការអនុវត្តយុទ្ធនាការកណ្តាប់ដៃដែកនេះបានបង្ខំឲ្យមន្ត្រីជាន់ខ្ពស់វៀតណាមជាច្រើនរូបសម្រេចលាលែងចេញពីតំណែងក្នុងនោះក៏មានអតីតប្រធានាធិបតីម្នាក់ និងអនុរដ្ឋមន្ត្រីចំនួន ២ ផងដែរ ខណៈមន្ត្រីជាច្រើនរយនាក់ផ្សេងទៀតកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕

អត្ថបទ៖ ភក្តី
ប្រភព៖ បាងកកប៉ុស្តិ៍
- Share This Post:






