អន្តរជាតិ

ប៉ូលិសជប៉ុនឃាត់ខ្លួនបុរសម្នាក់ដែលបានបើករថយន្តកិនសត្វព្រាបលើផ្លូវសាធារណៈ ខណៈរូបគាត់អាចប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ ឬពិន័យជាង ៧ពាន់ដុល្លារ

BY
Pheakdey
December 23, 2023

ជប៉ុន៖ ជប៉ុនគឺជាប្រទេសមួយដែលបានអនុវត្តច្បាប់ការពារសត្វព្រៃយ៉ាងតឹងរ៉ឺងបំផុត ពោលគឺសូម្បីតែការសម្លាប់សត្វបក្សីមួយក្បាលតូចនៅតាមទីសាធារណៈ ឬសម្លាប់សត្វបក្សីនោះដែលបានហោះចូលមកក្នុងរានហាលផ្ទះរបស់យើងដោយគ្មានការអនុញ្ញាតពីអាជ្ញាធរក៏ត្រូវចាត់ទុកជាសកម្មភាពបំពានទៅនឹងច្បាប់ដែរ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះមានបុរសជាអ្នកបើករថយន្តតាក់ស៊ីម្នាក់ត្រូវបានប៉ូលិសចា​ប់ខ្លួនក្រោយរូបគាត់បានបើករថយន្តកិនសត្វព្រាបមួយក្បាលឲ្យងាប់នៅលើដងផ្លូវសាធារណៈ។ 

បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅល្ងាចថ្ងៃសៅរ៍ ទី២៣នេះ បានឲ្យដឹងថា បុរសដែលត្រូវបានប៉ូលិសជប៉ុនចាប់ខ្លួននោះមានអាយុ ៥០ឆ្នាំ និងមានមុខរបរជាបើករថយន្តតាក់ស៊ីដឹកភ្ញៀវប្រចាំនៅក្នុងទីក្រុងតូក្យូ។ នៅក្នុងថ្ងៃកើតហេតុនោះគាត់បានបើករថយន្តកិនសត្វព្រាបមួយក្បាលឲ្យងាប់នៅកណ្តាលថ្នល់ ខណៈដែលគាត់កំពុងបើករថយន្តឆ្លងកាត់ភ្លើងស្តុបពណ៌ខៀវក្នុងល្បឿន ៥៦គីឡូម៉ែត្រក្នុងមួយម៉ោង។ ជុំវិញករណីចម្រូងចម្រាសខាងលើនេះប៉ូលិសជប៉ុនបានរកឃើញថា បុរសជាអ្នកបើករថយន្តតាក់ស៊ីបានសម្លាប់សត្វដោយអចេតនា​ ដ្បិតរូបគាត់ក៏បានព្យាយាមជាន់ហ្វ្រាំងដើម្បីគេចឲ្យផុតពីសត្វព្រាបនោះដែរ តែជាអកុសលរថយន្តរបស់គាត់នៅតែត្រូវបើកកិនសត្វព្រាប ដ្បិតសត្វព្រាបនោះមិនបានហើរចេញពីថ្នល់ឡើយ តែនៅបន្តដើរយ៉ាងយឺតៗនៅលើដងផ្លូវ។ គិតត្រឹមពេលនេះគេនៅមិនទាន់ដឹងច្បាស់ពីទំហំទោសដែលអាជ្ញាធរជប៉ុននឹងអនុវត្តចំពោះអ្នកបើករថយន្តតាក់ស៊ីរូបនេះនៅឡើយទេ ប៉ុន្តែបើយោងទៅតាមច្បាប់ជប៉ុនបានកំណត់ថា អ្នកដែលបានសម្លាប់សត្វព្រាបមួយក្បាលដោយគ្មានការអនុញ្ញាតនឹងត្រូវប្រឈមនឹងការជាប់ពន្ធនាគាររហូតដល់ ១ឆ្នាំ ឬពិន័យជាប្រាក់ចំនួន ១លានយេន (៧,០២២ដុល្លារ)៕

អត្ថបទ៖ ភក្តី

ប្រភព៖ The Strait Time

Share This Post: