អន្តរជាតិ

តួលេខអ្នកបាត់បង់ជីវិតដោយគ្រោះរញ្ជួយដីនៅចិនកើនឡើងដល់ ១៤៩នាក់ ខណៈ ២នាក់កំពុងបាត់ខ្លួន

BY
Pheakdey
December 25, 2023

ចិន៖ តួលេខអ្នកស្លាប់បាត់បង់ជីវិតដោយសារគ្រោះរញ្ជួយដីនៅក្នុងប្រទេសចិនបានបន្តកើនឡើងរហូតដល់ ១៤៩នាក់ហើយ នេះបើយោងតាមរបាយការណ៍ចុងក្រោយមួយដែលត្រូវបានចុះផ្សាយដោយបណ្តាញសារព័ត៌មាន The Strait Time នៅព្រឹកថ្ងៃចន្ទ ទី២៥ ខែធ្នូនេះ។ នៅក្នុងរបាយការណ៍ដដែលនេះក៏បានបញ្ជាក់ផងដែរថា គិតត្រឹមពេលនេះគឺមានមនុស្សចំនួន ២នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។

គួររម្លឹកជូនថា ហេតុការណ៍រញ្ជួយដីនេះបានកើតឡើងក្នុងកម្រិត ៦,២ រ៉ិចទ័រ និងបានកើតឡើងតាំងតែពីថ្ងៃទី ២២ ខែធ្នូម្លេះ ខណៈតំបន់ដែលជាកន្លែងរងគ្រោះនោះគឺមានខេត្តចំនួន ២ ដូចជាខេត្ត Gansu និងខេត្ត Qinghai។ ចំពោះផលប៉ះពាល់ជារួមវិញគឺគិតត្រឹមពេលនេះមានផ្ទះចំនួន ១៥,០០០ខ្នងបានរងនូវការខូតខាតកម្រិតធ្ងន់ពោលគឺស្ទើរតែដួលរលំទាំងស្រុង និងផ្ទះចំនួន​២០០,០០០ ខ្នងផ្សេងទៀតបានរងនូវការខូចខាតកម្រិតស្រាល។ ចំពោះផ្លូវថ្នល់វិញគឺមានកំណាត់ផ្លូវជាច្រើនកន្លែងត្រូវបានបំផ្លាញទាំងស្រុង តំបន់មួយចំនួនត្រូវផ្អាកការផ្គត់ផ្គង់អគ្គិសនីជាបណ្តោះអាសន្ន​ ហើយនៅចំពោះមុខស្ថានភាពនេះមានពលរដ្ឋជាង ១៤៥,០០០នាក់ត្រូវបង្ខំចិត្តធ្វើការជម្លៀសខ្លួនជាបន្ទាន់ផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖  The Strait Time

Share This Post: