ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យយុវជន អន ផានិត ដែលជាសិស្សជាប់និទ្ទេសA និងក្រុមគ្រួសារ ចូលជួបនៅភូមិគ្រឹះ

BY
Khmernote Media
December 25, 2023

ក្រុងតាខ្មៅ៖ នៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានឱ្យដឹងថា ថ្ងៃនេះ សម្តេច បានអញ្ជើញឪពុកម្តាយ អន ផានិត ដែលជាសិស្សប្រឡងជាប់និទ្ទេសA និងប្អូនស្រី និងសាមីខ្លួនផានិត ចូលជួបនៅភូមិគ្រឹះរបស់សម្តេច នៅក្រុងតាខ្មៅ។

តាមរយៈខ្លឹមសារបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា៖ «ថ្ងៃនេះខ្ញុំបានអញ្ជើញឪពុកម្តាយចៅ អន ផានិត ដោយមានទាំងប្អូនស្រី និងសាមីខ្លួនផានិតមកផ្ទះរបស់ខ្ញុំ។ ឆ្លងកាត់ការសន្ទនាខ្ញុំពិនិត្យឃើញថាឪពុក ម្តាយរបស់ផានិតដែលជាជនពិការទាំងពីរនាក់ពិតជាមនុស្សគួរឱ្យគោរពសម្រាប់ការលះបង់ដើម្បីកូន និងក្រុមគ្រួសារ។ ឯចៅផានិតវិញពិតជាក្មេងប្រកបដោយគុណធម៌និងការចេះដឹងសាកសមជាសិស្សប្រឡងជាប់និទ្ទេសA។»

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមទៀតថា៖ «ចៅស្រីដែលជាប្អូនរបស់ផានិតបាន និងកំពុងឈានឆ្ពោះទៅបញ្ចប់ការសិក្សានូវកម្រិតមធ្យមសិក្សាដើម្បីឈានឆ្ពោះទៅកាន់មហាវិទ្យាល័យនា ៣ឆ្នាំខាងមុខ។ នេះជាករណីពិសេសដែលខ្ញុំត្រូវជួយដល់ផានិត សម្រាប់ការរៀនសូត្រនៅភ្នំពេញផង និងឪពុកម្តាយនៅឯស្រុកកំណើតផង។ ធ្វើយ៉ាងនេះដើម្បីកុំឱ្យផានិតបារម្ភពីឪពុកម្តាយនៅឯស្រុក និងកុំឱ្យឪពុកម្តាយបារម្ភពីផានិតដែលរៀននៅភ្នំពេញ៕»

ប្រភព៖ Samdech Hun Sen of Cambodia

Share This Post: