ស្រីលង្កាដោះលែងអ្នកទោសជាង ១ពាន់នាក់ដើម្បីអបអរក្នុងថ្ងៃបុណ្យណូអែល
- BY
- Pheakdey
- December 25, 2023
ស្រីលង្កា៖ ប្រធានាធិបតីនៃប្រទេសស្រីលង្កា លោក Ranil Wickremesinghe បានសម្រេចលើកលែងទោសដល់ទណ្ឌិតជាង ១ពាន់នាក់ឲ្យមានសេរីភាពចេញពីពន្ធនាគារដើម្បីជាការអបអរក្នុងពិធីបុណ្យណូអែល (Christmas) ដែលកំំពុងត្រូវបានរៀបចំឡើងនៅក្នុងថ្ងៃចន្ទ ទី២៥ ខែធ្នូនេះ។ បើតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time បានបញ្ជាក់ថា ទណ្ឌិតដែលត្រូវបានដោះលែងនោះមានចំនួនសរុប ១,០០៤នាក់ ហើយពួកគេត្រូវបានឃុំខ្លួនព្រោះតែគ្មានប្រាក់សម្រាប់បង់ជាការពិន័យចំពោះសកម្មភាពខុសឆ្គងរបស់ពួកគេនាពេលកន្លងមក។

សូមបញ្ជាក់ជូនថា ស្រីលង្កាគឺជាប្រទេសដែលគោរពប្រតិបត្តិសាសនាព្រះពុទ្ធយ៉ាងខ្ជាប់ខ្ជួនបំផុតមួយ ហើយកាលពីអំឡុងខែឧសភាកន្លងទៅ រដ្ឋាភិបាលស្រីលង្កាក៏បានសម្រេចដោះលែងអ្នកទោសជាង ១ពាន់នាក់រួចម្តងហើយដែរ ដើម្បីជាការអបអរក្នុងពិធីបុណ្យវិសាខបូជា ដែលជាពិធីបុណ្យរំលឹកដល់ថ្ងៃព្រះពុទ្ធប្រសូត្រ ត្រាស់ដឹង និងសុគត។ គួរបញ្ជាក់ជូនផងដែរថា មែនទែនទៅការដោះលែងអ្នកទោសនៅក្នុងប្រទេសស្រីលង្កាត្រូវបានគេមើលឃើញថា ដើម្បីជាការសម្រួលដល់ភាពកកស្ទះអ្នកទោសនៅតាមពន្ធនាគារ ដ្បិតនៅក្នុងរបាយការណ៍មួយរបស់អាជ្ញាធរស្រីលង្កាដោយគិតត្រឹមថ្ងៃទី ២២ ខែធ្នូនេះបានបង្ហាញថា ស្រីលង្កាមានអ្នកទោសចំនួន ៣០,០០០នាក់កំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារដែលរចនាឡើងសម្រាប់តែដាក់អ្នកទោសចំនួន ១១,០០០នាក់ប៉ុណ្ណោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time
- Share This Post:






