ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្រ្តី ស សុខា៖ អ្នកបុកគេហើយរត់ជាសមត្ថកិច្ច បើមិនមកសារភាព គឺមិនទុកក្របខណ្ឌឡើយ

BY
Khmernote Media
December 25, 2023

ខេត្តព្រះសីហនុ៖ រសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៣ យោងតាមប្រសាសន៍របស់ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានថ្លែងបញ្ជាក់ថា អ្នកបុកគេហើយរត់ ជាសមត្ថកិច្ច ឬជាមន្ត្រីរាជការផ្សេងទៀតក្រោមឱវាទក្រសួងមហាផ្ទៃ អាចនឹងត្រូវបណ្ដេញចេញពីក្របខណ្ឌតែម្ដង។

ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា មានប្រសាសន៍បែបនេះ នាឱកាសអញ្ជើញជាអធិបតីក្នុងទិវាអន្តរជាតិរំលឹកដល់ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកលើកទី១៨ ដែលបានរៀបចំឡើងនៅទីលានតេជោ ស្ថិតនៅក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «អ្នកបុកគេរត់ គឺខ្ញុំប្តេជ្ញាចិត្ត សូមប្រកាសតែម្ដង បើខ្លួនជាសមត្ថកិច្ច ឬជាមន្ត្រីរាជការក្រោមឱវាទក្រសួងមហាផ្ទៃ បើអត់មកសារភាពទេ ក្របខណ្ឌមិនគួរទុកទេ។ ឧទាហរណ៍ យើងជាកម្លាំងប្រដាប់អាវុធ ជាតួរអង្គមួយដែលគេមើល និងរៀនសូត្រតាម ហើយ បើកាយវិការយើងមិនគួរឱ្យគោរព កាយវិការមិនគួរឱ្យគេធ្វើតាម ខ្ញុំគិតថាមិនអាចទុកឱ្យនៅបានទៀតទេ » ៕

ប្រភព៖ ក្រសួងមហាផ្ទៃ Ministry of Interior Cambodia

Share This Post: