ប្លែកទៀតហើយ! ឃាត់ខ្លួនអ្នកដំណើរ ២នាក់ របស់អាកាសចរណ៍ Lucky Air ពីបទបោះកាក់សុំសំណាងចូលក្នុងម៉ាស៊ីនយន្តហោះ
អ្នកដំណើរ ២នាក់ ត្រូវបានគេឃាត់ខ្លួន ដោយសារពួកគេបានបោះកាក់ទៅក្នុងម៉ាស៊ីនយន្តហោះ ដើម្បីទទួលបានសំណាងល្អ។ ស្ត្រី ២នាក់ ដែលបានជិះយន្ដហោះ Lucky Airs ត្រូវបានគេឱ្យដឹងថា ចេញដំណើរពីក្រុងជីណាន ខេត្តសានដុង ទៅក្រុងចេងឌូ នៅខេត្តស៊ីឈួន ប្រទេសចិន។
ជើងហោះហើរ 8L9616 ត្រូវបានពន្យារពេល ២ម៉ោង ខណៈដែលពួកយានិកពិនិត្យមើលម៉ាស៊ីនយន្តហោះដើម្បីរកមើលកាក់ទាំងនោះ និងដើម្បីធានាសុវត្ថិភាពអ្នកដំណើរ។ យោងតាមកាសែត South China Morning Post បានឱ្យដឹងថា ជើងហោះហើរនេះដំបូងឡើយវានឹងចាកចេញនៅម៉ោង ៨យប់ ប៉ុន្តែនៅទីបំផុតវាក៏ត្រូវបានចេញដំណើរបន្ទាប់ពីម៉ោង ១០យប់ នៅពេលដែលពួកគេបានរកឃើញកាក់ទាំងនោះ។
ប្រជាជនចិនហាក់ដូចជាមានជំនឿនឹងការបោះកាក់ចូលម៉ាស៊ីននេះណាស់ ហើយវាមិនមែនជាលើក ទី១ សម្រាប់អាកាសចរណ៍ Lucky Air នោះទេ។ ដោយកាលពីលើកមុនក៏មានបញ្ហាដូចគ្នាទោះលើជើងហោះហើរ ដែលមានអ្នកដំណើរសរុប ១៦២នាក់ និងខាតបង់ទឹកប្រាក់ប្រហែល ២០,០០០ដុល្លារអាមេរិក សម្រាប់ការពន្យាពេលដើម្បីពិនិត្យមើលគ្រឿងម៉ាស៊ីនឱ្យធានាថា មានសុវត្ថិភាពឡើងវិញ?៕




អត្ថបទ៖ លីដា
ប្រភព៖ independent