ព័ត៌មានជាតិ

លោក ហ៊ុន ជា ប្រតិកម្មចំពោះលោកអភិបាលរងខេត្តព្រះសីហនុ បន្ទាប់ពីបង្ហោះផ្ចាញ់ផ្ចាលព្រះអង្គ ព្រះធម្មវនវាសី ចន្ទមុនី លើបណ្ដាញសង្គម ពាក់ព័ន្ធរឿងបក់ផ្លិតហៅភ្ញៀវទេសចរណ៍មកលេងកម្ពុជា

BY
Khmernote Media
December 26, 2023

រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ យោងតាមគណនីហ្វេសប៊ុកផ្ទាល់របស់ ​លោក​ ​ហ៊ុន​ ជា ដែល​បច្ចុប្បន្ន​មាន​តួនាទី​ជា​ ​ឧត្តម​សេនីយ៍​ឯក​ផ្កាយ​មាស​បី​ ​នៅ​ក្នុង​ក្របខណ្ឌ​នគរបាល​ជាតិ ​បានចេញប្រតិកម្ម ចំពោះ​លោកអភិបាលរងខេត្តព្រះសីហនុ បន្ទាប់ពីលោកអភិបាលរងបានបង្ហោះពាក់ព័ន្ធនឹងព្រះធម្មវនវាសី ចន្ទមុនី ដោយមានខ្លឹមសារថា៖ «សូមអញ្ជើញគ្រូបារមី និងទេវតារុកដីបក់ផ្លិត បើខ្លាំងពូកែមែន សូមអន្ទងចិត្តប្រជាជនទូទាំងពិភពលោកឱ្យមកទេសចរណ៍ប្រទេសកម្ពុជា បើមិនបានជាប់លេខ១ ដូចថៃ សូមត្រឹមលេខ២០បាតតារាង។»

បន្ទាប់ពីបានមើលឃើញខ្លឹមសារបង្ហោះរបស់លោកអភិបាលរងខេត្តព្រះសីហនុហើយ ​​លោកឧត្តម​សេនីយ៍​ឯក ហ៊ុន​ ជា បានសរសេរតបទៅវិញយ៉ាងដូច្នេះថា៖ «ចាប់តាំងពីមានវត្តមានព្រះអង្គ ចន្ទមុន្នី មក ប្រជាពលរដ្ឋដែលកាន់សាសនាព្រះពុទ្ធ បានគាំទ្រព្រះអង្គភ្លូកទឹកភ្លូកដី។ ការគាំទ្រព្រះអង្គភ្លូកទឹកភ្លូកដីបែបនេះធ្វើអោយវត្តមាន មារបានកើតមានឡើងជាហូរហែ។ តែមារទាំងនោះ មិនមែនជាមន្ត្រីរាជការទេ ភាគច្រើនក្រុមច្រណែនព្រះអង្គ។ តែឥលូវនេះសូមតែលោក អ៊ី សុខឡេង អភិបាលរងខេត្តព្រះសីហនុ ក៏តាមផ្ចាញ់ផ្ចាលព្រះអង្គដែរ។ តើព្រះអង្គចន្ទមុនីខុសអី? »

លោក​ ​ហ៊ុន​ ជា បានបន្តទៀតថា៖ «​ព្រះអង្គមិនដែល អួតអាងថាព្រះអង្គមានបុណ្យបារមីអ្វីទេ ព្រះអង្គផ្ដល់តែពុទ្ធឱវាទតាមផ្លូវព្រះពុទ្ធសាសនាជូនដល់ពុទ្ធបរិស័ទតែប៉ុណ្ណោះ។ ការកាន់ផ្លិតជានិស្ស័យរបស់ព្រះអង្គ ហើយផ្លិតនេះគ្មានបារមីអីទេ ហេតុអ្វីក្នុងនាមលោកជាអភិបាលរងខេត្តមួយរូបបែរជាមកផ្ចាញ់ផ្ចាលរឿងព្រះអង្គទៅវិញ?»

លោក​ ​ហ៊ុន​ ជា បានបញ្ជាក់ថា៖ « រឿងភ្ញៀវទេសចរណ៍មកលេងតិច ឬមកលេងច្រើន អាស្រ័យទៅលើស្ថានភាពសេដ្ឋកិច្ចសាកល មិនមែនសម្រាប់កម្ពុជាដោយឡែកទេ។ ចង់បានភ្ញៀវទេសចរបរទេសមកលេងច្រើន ក្នុងនាមលោកជាអភិបាលរងខេត្ត គួរតែសួរខ្លួនឯង ថាហេតុអ្វីបានគេមិនមកលេង? លោកមានតួនាទី មានបុណ្យស័ក្ដិ មានអំណាច ចាត់ចែងកិច្ចការទាំងនេះ មិនមែនព្រះអង្គទេ។ បើចង់អោយព្រះអង្គទៅបក់ផ្លិតហៅភ្ញៀវទេសចរណ៍ ទាល់តែលោកលាលែងតួនាទី មុខតំណែងពីអភិបាលរងខេត្ត ហើយប្រគល់តួនាទីដឹកនាំអោយមកព្រះអង្គម្ដងទៅ?

រាស្ត្រនិយាយលើសខ្វះតិចតួចមិនជាបញ្ហា តែលោកជាមន្ត្រី មុននឹងនិយាយសូមគិតគូរពីលទ្ធផលជះត្រលប់មកវិញផង។ ការងារទាក់ទាញភ្ញៀវទេសចរណ៍មិនមែនការងារព្រះសង្ឃទេ តែជាការងាររបស់អស់លោកជាមន្ត្រីរាជការ ៕»

ប្រភព៖ Chea Hun

Share This Post: