អ៊ីស្រាអែលនឹងបន្ថែមថវិកាជាង ៨ពាន់លានដុល្លារសម្រាប់វិស័យការពារជាតិក្នុងឆ្នាំ២០២៤ ដែលធ្វើឲ្យកញ្ចប់ថវិកានេះកើនឡើងដល់ខ្ទង់ ១៥៥ពាន់លានដុល្លារ
- BY
- Pheakdey
- December 26, 2023
អ៊ីស្រាអែល៖ អ៊ីស្រាអែលនឹងបង្កើនថវិកាសម្រាប់ប្រើប្រាស់ក្នុងវិស័យការពារជាតិយ៉ាងតិចណាស់ចំនួន ៣០ពាន់លានសេក (ជាង ៨,៣ពាន់លានដុល្លារ) បន្ថែមទៀតនៅក្នុងឆ្នាំ ២០២៤ នេះបើយោងតាមការជូនដំណឹងរបស់ក្រសួងហិរញ្ញវត្ថុអ៊ីស្រាអែល ដែលត្រូវបានចុះផ្សាយបន្តដោយបណ្តាញសារព័ត៌មាន The Strat Time នៅព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ។ ការសម្រេចបន្ថែមថវិកាក្នុងវិស័យការពារជាតិនេះត្រូវបានធ្វើឡើងដោយផ្អែកថា អ៊ីស្រាអែលនឹងត្រូវបន្តប្រយុទ្ធគ្នាជាមួយនឹងក្រុមហាម៉ាសក្នុងរយៈពេលវែងបន្ថែមទៀត។

គួររម្លឹកជូនថា កាលពីអំឡុងខែឧសភាឆ្នាំមុនសភាអ៊ីស្រាអែលបានអនុម័តកញ្ចប់ថវិកាសម្រាប់ប្រើប្រាស់ក្នុងវិស័យការពារជាតិចំនួន ៥១៣ពាន់លានសេក (ជាង ១៤១ពាន់លានដុល្លារ) ប៉ុណ្ណោះ។ យ៉ាងណាក្តី កញ្ចប់ថវិកានេះត្រូវបានអនុម័តបន្ថែមជាបន្តបន្ទាប់ក្រោយភ្លើងសង្គ្រាមរវាងកងកម្លាំងអ៊ីស្រាអែលនិងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបានចាប់ផ្តើមឡើង ហើយគិតត្រឹមពេលនេះថវិកាជាតិអ៊ីស្រាអែលសម្រាប់ប្រើប្រាស់ក្នុងវិស័យការពារជាតិនៅក្នុងឆ្នាំ ២០២៤បានកើនឡើងដល់ខ្ទង់ប្រមាណជា ៥៦២ពាន់លានសេក (ជាង ១៥៥ពាន់លានដុល្លារ) ហើយ ខណៈសង្គ្រាមនឹងត្រូវការអូសបន្លាយក្នុងរយៈពេលយូរបន្ថែមទៀត៕ 
អត្ថបទ៖ ភក្តី
ប្រភព៖ The Strat Time
- Share This Post:






